ក្រសួងធម្មការនិងសាសនា បន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី ៣៣០ ស្មើរនឹង១១១៥មាតិកាព្រះធម៌
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣៣០ ស្មើនឹង១១១៥ មាតិកាព្រះធម៌ នៅទីស្តីក្រសួង រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងបានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបាន បន្តអនុវត្តនិងផ្សព្វផ្សាយ ជា បន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យ អគ្គនាយកដ្ឋានកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា សហការជាមួយនឹងអគ្គនាយកដ្ឋានវិទ្យុ-ទូរទស្សន៍រដ្ឋ និងឯកជនចំនួន២៣ស្ថានីយ៍ បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេ ចក្តីថ្លៃថ្នូរនៅក្នុងសង្គម
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស
៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម
៥-បង្ការគ្រោះថ្នាក់ចរាចរណ៍
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ
៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព
៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត
៩-ការចិញ្ចឹមកូនបែបវិជ្ជមាន
១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។
សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣៣០ ស្មើនឹង១១១៥ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយ ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ , ព្រះធម្មវង្សសុទ្ធិមុនី ប៉ិល ពន, ព្រះប្រជាធម្មរាជាភិវឌ្ឍន៍ អ៊ុម ទៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕






