ក្រសួងធម្មការនិងសាសនា  បានបន្តអនុវត្តតាមអនុសាសន៍ណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស 

ថ្លែងក្នុងពិធី បិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥១ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា  បានបន្តអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ។

នាឱកាសនេះ ឯកឧត្តម  នរៈ រតនវឌ្ឍនោ  បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា  ដែលបានផ្តល់អនុសាសន៍ណែនាំនិងសំណូមពរ ដល់សិក្ខាកាមទាំងអស់រួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ  និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។ 

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ក្រោមការយកចិត្តទុកដាក់ប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយគិតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សូមឱ្យ ក្រសួងធម្មការនិងសាសនា រៀបចំបង្កើត និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស អាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណី រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀស វិបត្តិអាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ បានក្រើនរំលឹកថា ក្រសួងធម្មការនិងសាសនាមានកាតព្វកិច្ច ណែនាំដល់គ្រប់សាសនាទាំងអស់ ពិសេសព្រះពុទ្ធសាសនា ទំនៀមទំលាប់ខ្មែរ រក្សាឲ្យបាននៅភាពសុខដុមនីយកម្មសាសនា ។ ហើយវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យ គឺជាវគ្គសិក្សាតម្រង់ទិស វិន័យផ្ទៃក្នុងប្រកបដោយសេចក្តីថ្លៃថ្នូរ ពង្រឹងសាមគ្គីភាព រក្សាសីលធម៌ និងសេចក្តីថ្លៃថ្នូរ ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា  ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៥០រួចមកហើយ ដោយមានសិក្ខាកាមសរុបចំនួន១៣៦០៦អង្គ/នាក់ ។ ដោយឡែកសម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥១ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ៖ ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ  បានបញ្ចប់ទៅដោយរលូននឹងជោគជ័យដូចការរំពឹងទុកផងដែរ។ 

សូមជម្រាបជូនថា ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥១ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សិក្ខាកាមជាព្រះមន្រ្តីសង្ឃ អាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២២៧ អង្គ/នាក់ក្នុងនោះព្រះសង្ឃ៣២អង្គ និងស្រ្តី៣នាក់  នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ៕