ក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៧-២០២៨ ក្រោមប្រធានបទ «ការវាយតម្លៃ និងកំណត់ទីផ្សារទេសចរណ៍អាទិភាព ឆ្នាំ២០២៧-២០២៨»

ការវាយតម្លៃ និងកំណត់ទីផ្សារទេសចរណ៍គោលដៅអាទិភាពសម្រាប់ឆ្នាំ២០២៧ និង ២០២៨ គឺជាការគិតគូរយុទ្ធសាស្ត្របុរេសកម្ម ដ៏មានសារៈសំខាន់ ដោយឈរលើអភិក្រម ប្រាកដនិយម អាចអនុវត្តបានជាក់ស្តែង មានភាពបត់បែនខ្ពស់ និងការប្រមូលផ្តុំជាសហថាមពលរវាងរដ្ឋ និងឯកជន គួបផ្សំនឹងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធផងដែរ ជាមួយនឹងការពង្រឹងមូលដ្ឋានគ្រឹះ និងការលើកកម្ពស់គុណភាពសេវាកម្មផ្ទៃក្នុងរបស់យើងឱ្យបានរឹងមាំ នេះជាប្រសាសន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៧-២០២៨ ក្រោមប្រធានបទ «ការវាយតម្លៃ និងកំណត់ទីផ្សារទេសចរណ៍អាទិភាព ឆ្នាំ២០២៧-២០២៨» នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចំនួន ៣ រួមមាន៖ (១) ស្វែងយល់អំពីនិន្នាការនៃការធ្វើដំណើរក្នុងតំបន់ និងសកលដែលជះឥទ្ធិពលលើតម្រូវការក្នងវិស័យទេសចរណ៍, (២) ពិភាក្សាលើបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាសនិងតម្លៃ, និង ទី(៣) កំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់ឆ្នាំ២០២៧-២០២៨។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានផ្តល់ការសម្របសម្រួលសព្វគ្រប់បែបយ៉ាងនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតរបស់ផ្នែកឯកជន នៃមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ដែលជានិច្ចជាកាលតែងតែរួមសុខ រួមទុក្ខជាមួយគ្នា និងចូលរួមជាកម្លាំងចលករយ៉ាងស្អិតរមួតជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមដំបូលរាជរដ្ឋាភិបាល ដើម្បីស្តារនិងលើកស្ទួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ និងទាន់សភាពការណ៍ ស្របពេលដែលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការប្រែប្រួលយ៉ាងឆាប់រហ័សទៅកាន់ស្ថានភាពដ៏លំបាក។

ទន្ទឹមនឹងនេះ ការគិតគូរអំពីផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍សម្រាប់ឆ្នាំ២០២៧-២០២៨ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវិធានការបន្ទាន់ និងយុទ្ធនាការជាក់ស្តែងមួយចំនួនដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ ដើម្បីជំរុញនិងស្តារកំណើនទេសចរនៅគ្រប់រដូវកាល តួយ៉ាដូចជាការទទួលបាននូវគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកភាពឱ្យក្រសួងទេសចរណ៍ បន្តដាក់ចេញនូវ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ (Green Season)» ដែលឆ្នាំនេះ គឺជាឆ្នាំទី២ និងត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចផងដែរថា ក្រសួងទេសចរណ៍ ក៏កំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) ដែលទាមទារឱ្យមានស្មារតីខ្មែរជួយខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ, ខ្មែរជួយទេសចរណ៍ខ្មែរ, តាមរយៈការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលជាចន្ទល់ដ៏រឹងមាំមួយក្នុងការទ្រទ្រង់ និងបន្តរក្សានូវនិរន្តរភាពអាជីវកម្មរបស់បងប្អូនប្រតិបត្តិករទេសចរណ៍នារដូវកាលនេះ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយនៃការផ្តល់ការលើកលែងទិដ្ឋាការ (Visa Exemption) ដល់ប្រជាជនចិនរយៈពេល ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងរយៈពេល ៤ខែ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពោលគឺនៅក្នុងរដូវកាលបៃតងនេះ ដើម្បីស្រូបទាញលំហូរទេសចរចិន ដែលជាទីផ្សារដ៏ធំសម្បើមឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕