ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីលានតេជោ ដើម្បីរៀបចំ «ពិធីបុណ្យសមុទ្រ» នាពេលខាងមុខ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្ដម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ទីរជំនាញដែលពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ទីលានតេជោ ដែលជាទីតាំងសម្រាប់ត្រៀមរៀបចំ «ពិធីបុណ្យសមុទ្រ» ក្នុងខេត្តព្រះសីហនុ នាពេលខាងមុខ ព្រមទាំងអញ្ជើញចុះពិនិត្យបន្ថែមនៅតាមតំបន់ទេសចរណ៍ដ៏ទាក់ទាញ រូបសំណាកនាគទេពមង្គល ដែលស្ថិតនៅក្នុង តំបន់ប៉ូយកំពេញ (Try Palace Resort) នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៦នេះ
​នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំនូវចំណុចសំខាន់ៗមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ រួមមាន៖
​ទីតាំងរៀបចំពិធីបុណ្យសមុទ្រ ត្រូវតែរៀបចំឱ្យបានស្អាត និងមានរបៀបរៀបរយ ត្រូវមានកិច្ចសហការជិតស្និទ្ធរវាងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងការធានាឱ្យព្រឹត្តិការណ៍ «ពិធីបុណ្យសមុទ្រ» នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុរបស់យើងកាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ជូនផងដែរថា ពិធីបុណ្យសមុទ្រនៅកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់សក្ដានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើង ហើយព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតលំហូរថវិកាក្នុងស្រុក បង្កើនប្រាក់ចំណូលផ្ទាល់ជូនប្រជាពលរដ្ឋ អាជីវករ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្នែកសេវាកម្មនានា ព្រមទាំងផ្តល់វេទិកាដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងទាក់ទាញការវិនិយោគមកកាន់តំបន់ឆ្នេរ។
​ទន្ទឹមនឹងនេះ ពិធីបុណ្យសមុទ្រមានគោលបំណងបំផុសស្មារតីសាធារណជនឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្រោមទិសស្លោក «ឆ្នេរស្អាត ទីក្រុងស្អាត សេវាល្អ» ព្រមទាំងរួមគ្នាការពារជីវជម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រប្រកបដោយចីរភាព ព្រឹត្តិការណ៍នេះក៏ជួយលើកកម្ពស់វិស័យកីឡាតំបន់ឆ្នេរ បង្ហាញពីសិល្បៈវប្បធម៌ជាតិ និងជាសារផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ធំៗកម្រិតថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
អត្ថបទ មន សូត្រ
ថតដោយ អ៊ូ ជោត