ក្រសួងការងារ និង ADB ពិភាក្សាពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាមតម្រូវការការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត

TVK App

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងឱកាសសំខាន់ៗ ក្នុងការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ ADB ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទន ក្នុងការគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET។

ជាមួយគ្នានេះ ឯកឧត្ដមបានលើកឡើងពីសារៈសំខាន់វិស័យ TVET ដែលជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នា ស្របតាមតម្រូវការមាគ៌ាឧស្សាហកម្មហូបនីកម្មកម្ពុជា ហើយក្រសួងការងារបាន នឹងកំពុងពង្រីកវិសាលភាព TVET តាមអនុវត្តគន្លងអប់រំថ្មីទៅកាន់តំបន់គោលដៅ ជាពិសេសនៅតាមទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ក្រសួងបានជម្នះឧបសគ្គជាច្រើន ព្រោះថាវិស័យ TVET កាលពីមុនត្រូវបានចាត់ទុកថា ជាវិស័យមិនសូវសំខាន់ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែច្រើនកំពុងចាប់អារម្មណ៍លើ TVET ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការវិនិយោគគាំទ្រជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោក Zhang បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់ជំនួបប្រកបដោយអត្ថន័យ ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក សម្រាប់ជាមូលដ្ឋាន កំណត់គោលដៅឱ្យកាន់តែមុតស្រួចបន្ថែមទៀត ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានគូសបញ្ជាក់ថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Zhang និងក្រុមការងារ សម្រាប់ការពិភាក្សាប្រកបដោយស្ថាបនា និងគ្រប់ជ្រុងជ្រោយនេះ ដែលបានពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏មាំមួនបន្ថែមទៀត ដោយឯកឧត្តមបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕