ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន ADATA Technology ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារ

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន ADATA Technology Co., Ltd ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារសម្រាប់កម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញកម្រិតខ្ពស់នៅកម្ពុជា និងដើម្បីគាំទ្រផែនការវិនិយោគ និងការស្រាវជ្រាវរបស់ក្រុមហ៊ុន ADATA ឱ្យសមស្របតាមគោលដៅទំនើបភាវូបនីយកម្មឧស្សាហកម្មរបស់កម្ពុជា។
អនុស្សរណៈនេះដែរ មានសុពលភាពរយៈពេល៥ឆ្នាំ ដែលនឹងពង្រឹងគុណភាពកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់តែប្រសើរ លើឯកទេសក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ការផលិតឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត (AI)។
ទន្ទឹមនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងផ្តល់នូវអ្នកជំនាញបច្ចេកទេស ឧបករណ៍បណ្តុះបណ្តាល ក៏ដូចជាគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលស្របទៅនឹងតម្រូវការជំនាញនាពេលអនាគតផងដែរ៕