ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រុកហុងឆុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើសពលកររដូវកាលពីកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រុកហុងឆុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើសពលកររដូវកាលពីកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ីន យ៉ុងជេ អភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្មវិធីពលកររដូវកាលបរទេស ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់លោក ស៊ីន យ៉ុងជេ ចំពោះការទទួលយកពលករពីកម្ពុជា និងស្នើឱ្យរដ្ឋបាលស្រុកហុងឆុនទទួលយកពលករកម្ពុជាឱ្យបានច្រើននាពេលខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលរបស់ពលករកម្ពុជាដែលតែងតែទទួលបានការកោតសរសើរពីប្រទេសទទួល ជាពិសេសពលករកម្ពុជាមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការងារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថាកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្រុកហុងឆុន លើការជ្រើសរើសពលករប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ស្រុកហុងឆុន។

នៅក្នុងជំនួប លោកអភិបាលស្រុក ក៏បានគូសបញ្ជាក់ជូនថា ស្រុកហុងឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលកររដូវកាលបរទេសជាង ១ ៥០០នាក់ ជារៀងរាល់ឆ្នាំ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួង។

សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាតាមកម្មវិធីពលកររដូវកាលបរទេសទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែមួយគត់ ដើម្បីធានានូវការទៅធ្វើការដោយស្របច្បាប់ និងទទួលបានការគាំពារសិទ្ធិរបស់ពលករ។