ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូត ទទួលបន្ទុកកិច្ចការកុងស៊ុល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារ ដែលកំពុងសម្បូរបែបក្នុងបរិបទ បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជា នូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយ ក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេស ឱ្យមកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ “ប្រសិនជាគ្មានការរីកចម្រើន ផ្នែកធនធានមនុស្ស ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងផលិតភាពនោះទេ កម្ពុជាក៏មិនអាចពង្រីកឧត្តមភាព នៃការប្រកួតប្រជែង ជាមួយបណ្ដាប្រទេសនានា ក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ”។
បើតាម ឯកឧត្តម រដ្ឋមន្ត្រី ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណងធានា ឱ្យបានធនធានមនុស្សកាន់តែល្អ ប្រកបដោយគុណភាព និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏មិនភ្លេចថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដែលបានផ្តល់ជាអំណោយ ជារោងជាងមកដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យ វិទ្យាស្ថានដ៏ទំនើបរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះ កាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានរំលេចផងដែរថា វត្តមាននៃជំនួយ របស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗ ឱ្យមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត។