ក្រសួងការងារសហការជាមួយសមាគមមិត្តយើងរៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋប្រមាណ ៥០០នាក់ នៅសង្កាត់ចោមចៅទី១

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង”កម្មវិធីសក់ និងសម្រស់មិត្តយើង” ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។

ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋ និងជាការលើកសម្រស់និងសិរីសួស្តីដល់អ្នកចូលរួមផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់បងប្អូនកម្មករដែលនឹងត្រឡប់ទៅស្រុកកំណើតក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បើបានជួបបងប្អូនពលករដែលទើបត្រឡប់មកពីថៃ សូមចូលរួមផ្សព្វផ្សាយឱកាសការងារទៅដល់ពួកគាត់ បើសិនជាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបងប្អូនធ្វើការកំពុងត្រូវការជ្រើសរើសបុគ្គលិក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នេីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ជួយផ្សព្វផ្សាយលេខ ១២៩៧ ដើម្បីក្រសួងការងារជួយចុះឈ្មោះស្វែងរកការងារជូន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយពីការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានរថយន្តក្រុងជិត ៦០០គ្រឿង ដែលជាអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីសម្រួលដល់ការចំណាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណដល់សមាគមមិត្តយើង ក្រុមការងារអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ និងខណ្ឌ ទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA នៃក្រសួងការងារ ដែលផ្តល់ព័ត៌មានការងារ ជាពិសេស ជាងកាត់សក់ស្ម័គ្រចិត្តទាំងអស់ រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលបានធ្វើឱ្យកម្មវិធីកាត់សក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅមូលដ្ឋានសម្រេចបានជោគជ័យ៕