ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាមរយៈការរៀបចំវេទិកាផ្តល់ឱកាសការងារជាង២ពាន់កន្លែង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូននាឱកាសនោះថា នេះជាវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗទាំង៤ ដែលត្រូវការកម្លាំងពលកម្មបន្ថែមចំនួន ២ ៦៥០កន្លែង ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅឆ្ងាយ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករនិយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសតាមរយៈកម្មវិធីTVET ១,៥លាននាក់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករពិចារណាក្នុងការជ្រើសរើសការងារក្នុងស្រុក ដែលបន្ថែមលើប្រាក់ឈ្នួល ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាពិសេសជួយសម្រាលបន្ទុកគ្រួសារពេលមានជំងឺ ឬចាស់ជរា។ ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេស គួរតែទៅធ្វើការនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា វេទិកានេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការរួមគ្នាថែរក្សាប្រពៃណីដ៏ល្អនៃស្មារតី«ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម ផ្តល់ភាពជឿជាក់ដល់បងប្អូន ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងស្វែងរកការងារ ដើម្បីឱ្យមានឱកាសរួមគ្នាកសាង និងអភិវឌ្ឍជាតិបន្តទៀត។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការផ្តល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយបញ្ហាជីវភាពពលរដ្ឋផង និងការឈ្លានពានផងតាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាដើម។ យើងមានការឈឺចាប់ពីការឈ្លានពាន តែមិនត្រូវបាក់ទឹកចិត្ត បណ្តោយឱ្យក្លាយជាកម្លាំងមួយដែលសង្កត់យើងនោះទេ គឺយើងត្រូវតែរឹងមាំ អត់ធ្មត់ ខិតខំតស៊ូពង្រឹងសមត្ថភាព សាមគ្គីភាព គ្រប់គ្រងឱកាស និងពង្រឹងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលស្វែងរកឧត្តមភាពឡើងវិញ៕