ក្រសួងការងារនឹងនាំយកឱកាសការងារ ជិត៩ម៉ឺនកន្លែង ជូនដល់អតីតពលករ និងប្រជាពលរដ្ឋ នៅខេត្ដក្រចេះ ខេត្តកំពង់ធំ
ភ្នំពេញ ៖ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារ ៨៦០១៧ កន្លែងសម្រាប់អតីតពលករត្រឡប់ពីប្រទេសថៃ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងខេត្ដក្រចេះ និងកំពង់ធំ។
នេះបើតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈវេទិកាការងារនេះ បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលកំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលចុះទៅផ្ទាល់នៅទីតាំងចំនួន ៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ វេទិកានឹងរៀបចំឡើងក្នុងបរិវេណសាលាស្រុកស្នួល ស្ថិតក្នុងស្រុកស្នួល ខេត្ដក្រចេះ និងបរិវេណសាលាស្រុកប្រាសាទបល័្លង្ក ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ចំណែកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ នឹងរៀបចំឡើងក្នុងបរិវេណសាលាស្រុកឆ្លូង ស្ថិតក្នុងស្រុកឆ្លូង ខេត្ដក្រចេះ និងនៅក្នុងបរិវេណសាលាស្រុកស្ទោង ស្ថិតក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។
ឯកឧត្តម ស៊ុន មេសា បញ្ជាក់ថា បងប្អូនអតីតពលករដែលចូលរួមនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ព្រមទាំងអាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ៕



