ក្រសួងកសិកម្ម សហការជាមួយនាយកដ្ឋានអភិរក្សនៃរដ្ឋបាលជល​ផល គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យ​ប្រវត្តិនិងប្រើប្រាស់ដ្រូន សម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី

ថ្លែងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវមានប្រសាសន៍ថា ក្រសួងដោយមាននាយកដ្ឋាន​អភិរក្ស​ជលផលនៃរដ្ឋបាលជលផលជាសេនាធិការ មានគម្រោងសាកល្បងបំពាក់ម៉ាស៊ីនថតស្វ័យ​ប្រវត្តិនិងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី នៃខេត្តក្រចេះ។

បើគ្មានការប្រែប្រួលណាមួយទេ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថាន​វារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃរបស់​សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ ជាពិសេសបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថត​ស្វ័យ​​ប្រវត្តិ និងការបង្ហោះដ្រូន។

បើតាមលោកជំទាវ អ៊ឹម រចនា នាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានផ្ដួចផ្ដើមរៀបចំគម្រោងនេះ ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចសិក្សា​នៅប្រទេសចិន ស្ដីពីការងារអភិរក្សនិងគ្រប់គ្រងសត្វផ្សោតទឹកសាប នៅទីក្រុងវូហាន ប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០២៥។

ក្នុងចំណោមមេរៀនដែលស្រូបបានតាមរយៈដំណើរទស្សនកិច្ចនោះ កម្ពុជាពិនិត្យឃើញថា វិធីសាស្រ្តប្រើប្រាស់​ដ្រូនភ្ជាប់​ជាមួយកុំព្យូទ័រនិងទូរសព្ទដៃ គឺជាបច្ចេកវិទ្យាមួយដែលកម្ពុជាមានលទ្ធភាពអាចធ្វើបាន។ ការងារនេះ មិនត្រឹមតែអនុញ្ញាតឲ្យឱ្យ​ក្រុមការងារ​ឆ្មាំទន្លេ​និងអ្នកជំនាញ អាចឃ្លាំមើលបម្លាស់ទីនៃសត្វផ្សោត និងការនេសាទខុសច្បាប់ប៉ុណ្ណោះទេ តែវាក៏ជួយកាត់បន្ថយការចេញល្បាតរបស់ឆ្មាំទន្លេ ដោយគ្រាន់តែពិនិត្យវីដេអូផ្សាយផ្ទាល់ពីប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនិងដ្រូន ហើយត្រៀមខ្លួនចេញអន្តរាគមន៍ទាន់ពេលវេលា ទាំងចំពោះសកម្មភាពរបស់សត្វផ្សោតលើដងទន្លេ និងសកម្មភាពនេសាទខុសច្បាប់។

លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា គម្រោងសាកល្បងដែលនឹងដាក់ដំណើរការនាដើមឆ្នាំក្រោយ គឺជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជាឲ្យបានកាន់តែច្រើន។ ទន្ទឹមគ្នានេះ វាក៏ជាឱកាសសម្រាប់មន្ដ្រីឆ្មាំ រៀនសូត្រចំណេះជំនាញថ្មីៗបន្ថែម ដើម្បីអាចអនុវត្តការងារនេះបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕