ក្រសួងកសិកម្ម ប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ជាង ៨ តោន ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ រថយន្តចំនួន ២ គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះគឺជាជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែនខេត្តទាំងពីរនេះ។
ធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ» ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនផ្គត់ផ្គង់បន្លែចំនួន ៧ តោនបន្ថែមទៀត នៅរសៀលថ្ងៃសុក្រ ទី២៥ កក្កដា ឆ្នាំ២០២៥៕