ក្នុងរយៈពេលជិត ១ខែសមត្ថកិច្ចចម្រុះបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាន១៣៨ទីតាំង ឃាត់ជនសង្ស័យជាង ៣ពាន់នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីមហាបវរធិបតី នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តទាំង២៥ បានចាត់វិធានការចុះត្រួតពិនិត្យ ឆែកឆេរ ធ្វើរដ្ឋបាល និងបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

ចំពោះលទ្ធផល៖

១. ចុះធ្វើប្រតិបត្តិការបោសសម្អាតសកម្មភាពឆបោកសរុប ១៣៨ទីតាំង, ជួយសង្គ្រោះជនរងគ្រោះ ១ទីតាំង (ខេត្តពោធិ៍សាត់), សង្គ្រោះជនជាតិវៀតណាមសរុប ១៥៣នាក់ (ស្រី ១៨នាក់), និងបង្ក្រាបសកម្មភាពឆបោកសរុប ៥៨ករណី។ ក្នុងនោះ មានករណីឃាត់យានយន្តដឹកជនបរទេស ១៩ករណី និង ១ករណី មិនរកឃើញជនសង្ស័យ (ខេត្តតាកែវ)។ ប្រតិបត្តិការនេះបានអនុវត្តនៅរាជធានី ខេត្តចំនួន ១៧ រួមមាន៖ ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគីរី ប៉ៃលិន តាកែវ ស្វាយរៀង សៀមរាប និងត្បូងឃ្មុំ។

២. ឃាត់ខ្លួនជនសង្ស័យសរុប ៣,០៧៥នាក់ (ស្រី ៦០៦នាក់) រួមមាន៖

 • ជនជាតិចិន ១,០២៨នាក់ (ស្រី ៨៩នាក់)

 • វៀតណាម ៦៩៣នាក់ (ស្រី ១៩០នាក់)

 • ឥណ្ឌូនេស៊ី ៣៦៦នាក់ (ស្រី ៧០នាក់)

 • ឥណ្ឌា ១០៥នាក់ (ស្រី ៩នាក់)

 • បង់ក្លាដែស ១០១នាក់ (ស្រី ២៧នាក់)

 • ថៃ ៨២នាក់ (ស្រី ១៣នាក់)

 • កូរ៉េ ៥៧នាក់ (ស្រី ២នាក់)

 • ប៉ាគីស្ថាន ៨១នាក់ (ស្រី ៣នាក់)

 • នេប៉ាល់ ១៣នាក់

 • ម៉ាឡេស៊ី ៤នាក់

 • ជនជាតិផ្សេងៗទៀត រួមមាន៖ ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលី រុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។

៣. ដកហូតឧបករណ៍វត្ថុតាងជាច្រើន ដែលប្រើសម្រាប់បទល្មើស Online Scams រួមមាន៖

កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី (សង្ស័យថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិន ជញ្ជីងថ្លឹងគ្រឿងញៀន ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន សារធាតុញៀន សម្ភារកែច្នៃគ្រឿងញៀន អាវុធ គ្រាប់កាំភ្លើង និងសម្ភារផ្សេងៗទៀត។

ក្រោយប្រតិបត្តិការ ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី ខេត្តគ្រប់គ្រង និងបិទមិនឱ្យមានការចេញ-ចូល។ មុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី។ រាជធានីភ្នំពេញតែមួយបានបញ្ជូនមេក្លោងចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ ក្នុងនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នចំនួន ៨នាក់។

អាជ្ញាធរបានបញ្ជូនជនជាតិចិនចំនួន ១៧នាក់ (ស្រី ២នាក់) ទៅស្នាក់ការត្រៀមបណ្ដេញចេញនៅខេត្តព្រះសីហនុ និងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបញ្ជូនជនបរទេសទៅមណ្ឌលរង់ចាំបណ្ដេញចេញទៅប្រទេសដើមវិញ។ ខណៈវត្ថុតាងរឹបអូសមួយចំនួនបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បន្តស្រាវជ្រាវ៕