ក្នុងជំនួបរវាងលោក Trump និងលោកស្រីនាយករដ្ឋមន្ត្រីថ្មី ជប៉ុននៅទីក្រុងតូក្យូ! លោកប្រធានាធិបតីបានប្រកាសកំណត់ ការវិនិយោគរវាងភាគីទាំងពីរចំនួន៥៥០ប៊ីលានដុល្លារអាម៉េរិក 

នៅថ្ងៃអង្គារ៍នេះលោកប្រធានាធិបតី Donald Trump ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ដោយលោកស្រីនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដោយ គឺលោកស្រី Sanae Takaichi នៅថ្ងៃដំបូងក្នុងប្រទេសជប៉ុននេះទៀតសោត ជាទស្សនកិច្ចដ៏មមាញឹករបស់លោក Trump ក្នុងគម្រោងជួបសំណេះសំណាលជាមួយកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះ និងជួបជាមួយមេដឹកនាំធុរកិច្ចនៅពេលក្រោយទៀត។ ទោះបីជាលោក Trump កំពុងធ្វើទស្សនកិច្ចជាលក្ខណៈសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីក៏ដោយ ក៏មានមតិលើកឡើងនៃភាពមិនប្រាកដប្រជាជាច្រើនជុំវិញដំណើរទស្សនកិច្ចរបស់លោកដែរ។ លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសនេះកាលពីប៉ុន្មានថ្ងៃមុន ដែលមានតួនាទីត្រូវតែពង្រឹងទំនាក់ទំនងរបស់លោកស្រីជាមួយនឹងលោក Trump ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ លោក Trump កំពុងព្យាយាមកំណត់ការវិនិយោគរបស់ជប៉ុនចំនួន ៥៥០ ប៊ីលានដុល្លារអាម៉េរិកជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ។ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើការអនុវត្តកិច្ចព្រមព្រៀងសម្រាប់ “យុគសម័យកាលមាស” នៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។ បន្ទាប់ពីឯកសារនេះត្រូវបានផ្អាកចុះហត្ថលេខា ហើយវាត្រូវបានបញ្ជាក់ជាថ្មីក្នុងក្របខ័ណ្ឌមួយ មុនពេលដែលសហរដ្ឋអាមេរិកនឹងយកពន្ធលើទំនិញនាំចូលពីប្រទេសជប៉ុនក្នុងអត្រា១៥% និងការបង្កើតមូលនិធិចំនួន ៥៥០ប៊ីលានដុល្លារអាម៉េរិកនោះសម្រាប់ប្រទេសជប៉ុនដើម្បីវិនិយោគនៅសហរដ្ឋអាមេរិកដែរ។ បន្ទាប់មកលោក Trump និងលោកស្រី Takaichi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីពីរ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌថ្មីរវាងសហរដ្ឋអាមេរិក-ជប៉ុនសម្រាប់ការធានាដល់ការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងធនធានកម្រ។ បន្តមកមេដឹកនាំទាំងពីរក៏បានជួបជាមួយក្រុមគ្រួសារជនជាតិជប៉ុនដែលធ្លាប់ត្រូវបានកូរ៉េខាងជើងចាប់ពង្រត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០និង ១៩៨០ ដែលលោកក៏ធ្លាប់បានជួបម្តងរួចហើយ កាលពីអាណត្តិទី១របស់លោកផងដែរ ដោយលោក Trump បាននិយាយទៅកាន់ក្រុមសាច់ញាតិទាំងនោះថា “ខ្ញុំនៅចាំទឹកមុខដ៏ស្រស់ស្អាតរបស់ពួកគេទាំងនេះ។ ខ្ញុំនឹងនៅជាមួយពួកគេជានិច្ច ហើយសហរដ្ឋអាមេរិកក៏នឹងនៅជាមួយពួកគេរហូតដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ