ក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប សម្រេចបាន ៣ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប សម្រេចបានប្រមាណ ៣ ពាន់លានដុល្លារ កើនឡើង ៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។

គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ៣ ពាន់លានដុល្លារ កើនឡើង ៨% ក្នុងនោះ កម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបានប្រមាណ ២,៦ ពាន់លានដុល្លារ កើនឡើង ៨% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ៤០៧ លានដុល្លារ កើនឡើង ៨,៥៧%។

ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុបគឺ ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ និងប្រទេសអេស្ប៉ាញ ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរ។

វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបាន ៥ ពាន់លានដុល្លារ កើនឡើង ១៣,៥៥% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ៨៦៣ លានដុល្លារ ធ្លាក់ចុះ ៥,៨៨%៕