ក្នុងខែសីហា ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជិត៤ម៉ឺននាក់ ទៅលេងកម្សាន្ត

ភ្នំពេញ ៖ តាមរបាយការណ៍ប្រចាំខែរបស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា នៅក្នុងរយៈពេល៣០ថ្ងៃក្នុងខែសីហាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានចំនួន ៣៩ ៣៧៣ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៤២៥ នាក់។ ចំនួននេះមានការថយចុះ ៣.២៨% បើប្រៀបរយៈពេលដូចគ្នាក្នុងខែសីហា ឆ្នាំ ២០២៤ ដែលមានភ្ញៀវទេសចរសរុប ៤០ ៧១២ នាក់។

ភ្ញៀវទេសចេរទៅកម្សាន្តក្នុងខេត្តសិ្ថតនៅភូមិភាគឦសាន ភាគច្រើនពួកគេបាននាំគ្នាទៅទស្សនានៅរមណីយដ្ឋានល្បីៗប្រចាំខេត្ត គឺទឹកជ្រោះប៊ូស្រា រមណីយដ្ឋានភ្នំថ្មយក្សណាមលៀរ មណ្ឌលវប្បធម៌ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ តំបន់ទេសចរណ៍ភ្នំអណ្ដូងស្នេហ៍ តំបន់ទេសចរណ៍ ចម្ការស្រល់ ជាពិសេសវាលស្មៅខៀវខ្ចីតាមខ្នងភ្នំនៃស្រុកអូរាំងផងដែរ៕