កំណើនក្នុងការនាំចេញ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជី១៦ពាន់លានដុល្លារ ពីវិស័យកាត់ដេរ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញ នូវផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាមេរិក កើនឡើងកើនឡើង ១៥,៨%។ នេះបើយោងតាមការបញ្ជាក់ ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងសន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ឯកឧត្តម រដ្ឋមន្ត្រីបន្តថា ចំណែកចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦.៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២.១៤១.២៤១នាក់ ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលបានដើរតួយ៉ាងសំខាន់ជាដៃគូដែលអាចជឿទុកចិត្តបានរបស់រាជរដ្ឋាភិបាល និយោជក និងជាដៃគូដ៏ល្អរបស់កម្មករនិយោជិត ក្នុងការចរចា និងពិភាក្សាការងារផ្សេងៗ សំដៅរក្សា និងពង្រីកវិស័យនេះ ព្រមទាំងរួមចំណែកជំរុញលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការងារ មានជំនឿយ៉ាងមុតមាំថា ការដឹកនាំថ្មីនេះនឹងធ្វើឱ្យសមាគមបន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកវិនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិត តាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ឱ្យស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ក្នុងនោះដែររដ្ឋមន្ត្រីក្រសួងការងារ ណែនាំដល់សមាគម TAFTAC ឱ្យបន្តបង្កើនជំនឿទុកចិត្តរបស់សមាជិកភាព ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ត្រូវគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ជាពិសេសត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួននៅពេលដែលលើកនូវសំណើណាមួយ ព្រមទាំងបន្តជំរុញកិច្ចការអាទិភាពក្នុងស្មារតីបុរេសកម្មជាមួយគម្រោង ILO-BFC និងចូលរួមយុទ្ធនាការ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីពង្រឹងវប្បធម៌អនុលោមភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ៕