កែលម្អផ្លូវពីជីផាតទៅអារ៉ែង ដែលមានចម្ងាយជិត៤០គីឡូម៉ែត្រ ឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ
ខេត្តកោះកុង ៖ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានឲ្យដឹងថា ផ្លូវពីអារ៉ែងមកជីផាតមានប្រវែងជាង ៤០ គីឡូម៉ែត្រ បច្ចុប្បន្នក្រោយអាជ្ញាធរបានជួសជុលកែលម្អ បានសម្រូលការធ្វើដំណើរបានប្រសើរជាងមុន។ ការជួសជុលកែលម្អដែលសម្រួលការធ្វើដំណើរកាន់តែល្អប្រសើរ សម្រាប់ទេសចរមកកម្សាន្តនៅតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពលក្នុងខេត្តកោះកុង។
បច្ចុប្បន្ននៅជាផ្លូវដី ប៉ុន្តែភ្ញៀវទេសចរអាចធ្វើដំណើរទៅមកបានងាយស្រួល ទោះបីមិនទាន់អភិវឌ្ឍជាផ្លូវកៅស៊ូក៏ដោយ។
ផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាត និងអារ៉ែង កំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូ ហើយបើតាមមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានបញ្ជាក់ថា ការសាងសង់ស្ទើរតែបញ្ចប់ ១០០% គឺនៅសល់តែការងារបន្តិចបន្តួចប៉ុណ្ណោះ។
ផ្លូវទៅអារ៉ែងចែកចេញជា ៣ កំណាត់ មានប្រវែងសរុបប្រមាណ ៥២ គីឡូម៉ែត្រ។ កំណាត់ពីផ្លូវជាតិលេខ ៤៨ ត្រង់ផ្លូវបំបែកគីឡូម៉ែត្រលេខ ១១៥ ដល់ទីរួមស្រុកថ្មបាំងដែលមានប្រវែង ២៦ គីឡូម៉ែត្របានបញ្ចប់ការក្រាលកៅស៊ូ ១០០%។ ខណៈកំណាត់ពីស្រុកថ្មបាំងដល់ស្ទឹងអារ៉ែងដែលប្រវែង ១៦ គីឡូម៉ែត្រ (ផ្លូវឬស្សីជ្រុំ-ប្រឡាយ) ក៏ស្ទើរតែរួចរាល់ ១០០% គឺនៅសេសសល់ការងារសំណង់សិល្បការតិចតួចប៉ុណ្ណោះ ដូចជាការធ្វើប្រព័ន្ធលូជាដើម។
កន្លងទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ចប់ការស្ថាបនាកំណាត់ផ្លូវប្រវែងជាង ១០ គីឡូម៉ែត្រក្នុងស្រុកថ្មបាំង។ ដោយឡែកផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាតជាផ្លូវក្រាលកៅស៊ូ ក៏ស្ទើរតែរួចរាល់ ១០០%។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការអបអរសាទរយ៉ាងខ្លាំង ខណៈផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាតគឺជាខ្សែផ្លូវទេសចរណ៍ដ៏សំខាន់មួយ ដែលទេសចរកំណត់ជាគោលដៅសម្រាប់ដំណើរកម្សាន្តមកខេត្តកោះកុង៕




