កូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម ត្រូវបានដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែងផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុក ចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែងផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។
ការប្រគល់កូនឈើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធី «ដាំកូនឈើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យកាន់តែស្រលាញ់ដើមឈើ តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើជាដើម។
នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថានជាសកល ក្នុងនាមកម្ពុជា ជាប្រទេសមួយនៃសហគមន៍អន្តរជាតិ និងដើម្បីជំរុញឱ្យកម្ពុជា សម្បូរទៅដោយភាពបៃតង និង បង្កើនសោភ័ណ្ឌភាពនៅតាមដងវិថីផ្លូវជាតិលេខ៤ ឱ្យកាន់តែមានភាពស្រស់ស្អាត។ ជាពិសេស ជាឱកាសក្នុងការបង្ហាញនូវមនោសញ្ចេតនា និងស្មារតីរួមគ្នា ជាធ្លុងមួយ រួមគ្នាដើម្បីកំពង់ស្ពឺទាំងអស់គ្នាផងដែរ។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលរៀបចំកម្មវិធីនេះឡើង ដោយជឿជាក់ថា កម្មវិធីដាំកូនឈើនេះ បានផ្តល់ជាឱកាសដ៏ល្អ សម្រាប់ឱ្យយើងទាំងអស់គ្នា បានស្វែងយល់បន្ថែម អំពីសារៈសំខាន់របស់ព្រៃឈើ ធនធានធម្មជាតិ សម្រាប់ការរក្សាលំនឹងបរិស្ថាន និងការរួមចំណែកលើកកម្ពស់ដល់ផាសុខភាព ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាការផ្លាស់ប្តូរនូវមុខមាត់ថ្មីរបស់ខេត្តកំពង់ស្ពឺយើងផងដែរ៕