កុំចេះតែហ៊ានជាមួយឥណ្ឌា! សាកលវិទ្យាល័យឯកជន១ត្រូវ បណ្តេញចេញយ៉ាងអាម៉ាស់ពីកិច្ចប្រជុំកំពូល AI 2026 នៅទីក្រុង New Delhi បន្ទាប់ពីយកសុនខយន្តផលិតនៅចិន មកដាក់តាំងពិព័រណ៍
សាកលវិទ្យាល័យឯកជនឥណ្ឌាមួយត្រូវបានបណ្តេញចេញពីកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតកំពូល ឬ AI Summit ២០២៦ នៅទីក្រុងញូវដេលីកាលពីថ្ងៃពុធនេះ បន្ទាប់ពីបុគ្គលិករបស់ខ្លួនម្នាក់បានបង្ហាញសុនខយន្តដែលមានលក់នៅលើទីផ្សារប្រទេសចិន ប៉ុន្តែរូបគេបែរជាអះអាងថាវាជាការច្នៃប្រឌិតផ្ទាល់ខ្លួនរបស់សាកលវិទ្យាល័យខ្លួនទៅវិញ។
យោងតាមមន្ត្រីរដ្ឋាភិបាលពីររូប បានបញ្ជាក់ថាសាកលវិទ្យាល័យ Galgotias (ហ្កាល់ហ្គោទីស) ត្រូវបានបញ្ជាឱ្យដកខ្លួនចេញពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលមួយថ្ងៃ បន្ទាប់ពីសាស្ត្រាចារ្យផ្នែកទំនាក់ទំនងរបស់សាកលវិទ្យាល័យឈ្មោះ Neha Singh បានប្រាប់ទូរទស្សន៍រដ្ឋ DD News របស់ឥណ្ឌាថាសុនខ យន្តឈ្មោះ Orion (អូរីអុន) នោះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឧត្តមភាពនៅសាកលវិទ្យាល័យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អ៊ីនធឺណិតបានកំណត់អត្តសញ្ញាណមនុស្សយន្តនេះបានយ៉ាងឆាប់រហ័សថាវាជា Unitree Go2 ដែលលក់ដោយក្រុមហ៊ុន Unitree Robotics របស់ប្រទេសចិនក្នុងតម្លៃចាប់ផ្តើម ១,៦០០ដុល្លារអាម៉េរិក និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវនិងការអប់រំនៅប្រទេសចិនរួចហើយ។ ហើយកាលពីថ្ងៃពុធនេះដែរអ្នកនាង Singh បានប្រាប់អ្នកយកព័ត៌មានថាអ្នកនាងមិនដែលអះអាងយ៉ាងច្បាស់ថាសុនខនោះ ជាការបង្កើតរបស់សាកលវិទ្យាល័យនោះទេ ប៉ុន្តែគ្រាន់តែយកមកដាក់តាំងក្នុងពិព័រណ៍ AI ឆ្នាំនេះប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាលទាំងពីររូបបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ហេតុការណ៍នេះគឺជារឿងដ៏សែនអាម៉ាស់មួយសម្រាប់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ប៉ុន្តែក៏មិនព្រងើយកន្តើយដែរគឺត្រូវបណ្តេញសកលវិទ្យាលនោះចេញជាបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍មួយពី Galgotias កាលពីថ្ងៃអង្គារបាននិយាយទៀតថា សាកលវិទ្យាល័យរបស់ពួកគេមាន «ការឈឺចាប់យ៉ាងខ្លាំង» ហើយបានពិពណ៌នាអំពីឧប្បត្តិហេតុនេះថាជា «យុទ្ធនាការឃោសនា» តែប៉ុណ្ណោះ ដែលអាចផ្សព្វផ្សាយភាពអវិជ្ជមាន និងប៉ះពាល់ដល់សីលធម៌របស់និស្សិតដែលកំពុងធ្វើការដើម្បីបង្កើតអ្វីដែលថ្មី ការសិក្សាថ្មី និងកសាងជំនាញរបស់ពួកគេដោយប្រើប្រាស់បច្ចេកវិទ្យាជាសកល។ បន្ទាប់មក នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយកាលពីថ្ងៃពុធស្រាប់តែសាកលវិទ្យាល័យបានសុំទោសចំពោះការភាន់ច្រឡំ ហើយបាននិយាយថាអ្នកនាង Singh ដែលជាអ្នកតំណាងរបស់ខ្លួននៅឯសាលប្រជុំកំពូល AI មិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទេ ហើយនាង «ក្តាប់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ព្រោះនាងមិនបានដឹងអំពីប្រភពដើមនៃបច្ចេកទេសដែលផលិតផលនោះទេ ហើយដោយសារតែនាងរំភើបពេក នៅពេលដែលនាងចេញមុខ និងនិយាយនៅមុខកាមេរ៉ាបែបនេះ ដែលជាហេតុធ្វើឲ្យការផ្តល់ព័ត៌មានទៅអ្នកសារព័ត៌មានមិនបានត្រឹមត្រូវតាមការពិតជាក់ស្តែង»។ ទោះជាយ៉ាងណាក៏ដោយហេតុការណ៍នេះ បានគូសបញ្ជាក់អំពីហានិភ័យខ្ពស់សម្រាប់ប្រទេសឥណ្ឌា ខណៈដែលខ្លួនព្យាយាមបង្កើតអ្វីជារបស់ខ្លួនឯង បង្កើតជាមជ្ឈមណ្ឌល AI សកល និងការផលិតកម្រិតខ្ពស់ ដោយទាញការវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិក និងខណៈពេលដែលពិភពលោកបាននឹងកំពុងសង្កត់ធ្ងន់លើភាពជឿជាក់ និងការច្នៃប្រឌិតក្នុងស្រុកផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



