កីឡាករ កីឡាការិនី ហាប់គីដូកម្ពុជា នាំយកមេដាយ ២៣ គ្រឿង ក្នុងការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ មកជូនជាតិ

កីឡាករ កីឡាការិនី ហាប់គីដូកម្ពុជា ដណ្តើមមេដាយ ចំនួន២៣គ្រឿង រួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង ក្នុងការប្រកួត កីឡាហាប់គីដូ ជើងឯកអាស៊ីអាគ្នេយ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥ ដែលការចូលរួមប្រកួតនេះ ដឹកនាំដោយ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានលើកឡើងថា ហាប់គីដូកម្ពុជា ឈ្នះមេដាយ២៣គ្រឿង ដោយលទ្ធផលនេះ លើសពីការរំពឹងទុក បន្ទាប់ពី ក្តីរំពឹងទុកមុនពេលចេញប្រកួត គឺចង់បានដណ្តើមបានមេដាយត្រឹម១០គ្រឿងចុះក្រោម ឬ៥គ្រឿងឡើងលើ គឺទទួលយកបានហើយ ការលើកឡើងរបស់លោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសវិលត្រឡប់មក ដល់មាតុប្រទេសវិញ ជាមួយក្រុមកីឡាករ កីឡាការិនី ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅនៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី ដោយមាន៨ប្រទេសចូលរួម។
លោក គង់ ចាន់ធីណា បានគូសបញ្ជាក់ទៀតថា នេះជាការចូលរួមប្រកួតអន្តរជាតិជាលើកទី២ របស់ប្រភេទកីឡាហាប់គីដូកម្ពុជា បន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០២៤កន្លងទៅជាមួយនឹងសមិទ្ធផលមេដាយជាគ្រឿងផងដែរ។ យ៉ាងណាក្តី ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥នេះ គឺកីឡាករ កីឡាការិនីកម្ពុជាបានប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព ហើយយើងទទួលបានសមិទ្ធផលជាមេដាយជូនជាតិ សរុបចំនួន២៣គ្រឿង។
ចំពោះមេដាយមាសចំនួន ៤គ្រឿង របស់កម្ពុជាដណ្តើម បានដោយកីឡាករ សុខុន សីហនុត មេដាយមាសលើវិញ្ញាសាប្រយុទ្ធ-៣៥គីឡូក្រាម, កីឡាការិនី គង់ម៉ូណា ដាយអាណា មេដាយមាសលើវិញ្ញាសាលោតចម្ងាយ, កីឡាការិនី គង់ម៉ូណា ជេសស៊ីកា មេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងកីឡាករ ភិន មុន្នីរតន៍ មេដាយមាសលើវិញ្ញាសាលោតចម្ងាយ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជា ក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធបានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។ សហព័ន្ធកីឡាហាប់គីដូកម្ពុជាសព្វថ្ងៃនេះធ្វើដំណើរទៅមុខ ដោយសារប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ និងសមាជិករបស់សហព័ន្ធមិនទាន់ទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជន និងការគាំទ្រថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចសហព័ន្ធកីឡាជាតិនានានៅឡើយទេ។ រាល់ចំណាយគ្រប់បែបយ៉ាង និងការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធជាថវិកាឧកញ៉ា សៅ សេងហាក់ សហព័ន្ធកីឡាហាប់គីដូកម្ពុជា និងលោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ៕