កីឡាករ កីឡាការិនីម៉ូតូទឹកចូលរួមបង្ហាញបច្ចេកទេសដ៏ទាក់ទាញ ក្នុងព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ» នៅខេត្តកោះកុង

កីឡាករ កីឡាការិនីម៉ូតូទឹកបានចូលរួមបង្ហាញបច្ចេកទេសយ៉ាងជក់ចិត្តជូនដល់មហាជនចូលរួមទស្សនាកម្សាន្ត នៅក្នុងព្រឹត្តិការណ៍«តារាសាគរសាទរទេសចរណ៍សមុទ្រ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់អភិវឌ្ឍន៍ឆ្នេរតារាសាគរ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

លោក មាស ម៉ាប់ អគ្គលេខាធិការ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានលើកឡើងថា ការប្រណាំងម៉ូតូទឹកនេះ គឺជាការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍«តារាសាគរសាទរទេសចរណ៍សមុទ្រ» ផង និងជាការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥របស់ខ្លួនសហព័ន្ធផង។ លោកបន្ថែមថា ការប្រណាំងម៉ូតូទឹក និងប្រភេទកីឡាជាច្រើនទៀតបានបំផុសការផ្សព្វផ្សាយវិស័យកីឡារបស់កម្ពុជា ក៏ដូចជាកៀរគរភ្ញៀវជាតិ-អន្តរជាតិឱ្យចូលរួមទស្សនាកាន់តែច្រើន និងអធិកអធមផងដែរ។ ការរៀបចំប្រភេទកីឡាម៉ូតូទឹករបស់សហព័ន្ធទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រុមហ៊ុន Coastal City Development Group ព្រមទាំងរដ្ឋបាលខេត្តកោះកុង។

អគ្គលេខាធិការបន្ថែមថា ការប្រណាំងម៉ូតូទឹកនេះមានកីឡាករ កីឡាការិនីចូលរួមជាង ២០នាក់ ខណៈប្រភេទកីឡាលើទឹកមួយនេះកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនជាមួយការខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាប្រកបដោយសក្តានុពលខ្ពស់។ ជាមួយគ្នានេះ លោក មាស ម៉ាប់ សង្កត់ធ្ងន់ថា ការចូលរួមប្រណាំងអបអររបស់កីឡាម៉ូតូទឹកនេះបង្ហាញពីសក្តានុពលប្រភេទកីឡាទេសចរណ៍ដ៏ទាក់ទាញមួយនេះនៅតាមតំបន់ឆ្នេរសមុទ្រ រួមទាំងការរៀបចំការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៍នេះដែរ ដោយមានការចូលរួមពីកីឡាករវ័យក្មេងៗ និងកីឡាការិនីម្នាក់ផងដែរ។

បន្ថែមពីលើនេះ អគ្គលេខាធិការដដែរគូសបញ្ជក់ទៀតថា សហព័ន្ធមានផែនការថ្មីៗមួយចំនួនទៀត ក្នុងការរៀបចំការប្រកួតនៅតាមបណ្តាក្លឹបនៃគោលដៅទេសរណ៍សំខាន់ៗនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដូចជានៅខេត្តកំពង់ចាម កែប ព្រះសីហនុ ភ្នំពេញ ជាពិសេសនៅទីលានម៉ូតូទឹកក្រសួងមហាផ្ទៃ ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាទីលានបោះជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលវីរកីឡាករ សាលី អ៊ូមើត បានសាងសង់ឡើងនោះ។

ជាមួយគ្នានេះ លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Coastal City Development Group បានលើកឡើងដែរថា កម្មវិធីប្រកួតម៉ូតូទឹកនៅថ្ងៃនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ធំ «តារាសាគរសាទរទេសចរណ៍សមុទ្រ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេរ និងគាំទ្រដល់វិស័យកីឡារបស់យើង ខណៈវិស័យកីឡាម៉ូតូទឹកនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ផ្ដើមចេញពីសកម្មភាពកម្សាន្តលំហែតាមឆ្នេរ ពេលនេះកីឡាមួយប្រភេទនេះបានវិវត្តខ្លួនក្លាយជាកីឡាដែលមានស្តង់ដា រួមបញ្ចូលទាំងភាពសប្បាយរីករាយ និងបច្ចេកទេសកម្រិតខ្ពស់។ ទីតាំង តារាសាគរ នៃខេត្តកោះកុងនេះ គឺជាវេទិកាដ៏ស័ក្តិសមបំផុតសម្រាប់ការប្រកួតកីឡានេះ ដោយសារយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងផ្ទៃទឹកសមុទ្រខៀវស្រងាត់ដែលអំណោយផលដល់កីឡាលើទឹកគ្រប់ប្រភេទផងដែរ។

ក្នុងន័យនេះ ការរៀបចំការប្រកួតនៅថ្ងៃនេះ មិនត្រឹមតែធ្វើឡើងដើម្បី ចូលរួមចំណែកលើកស្ទួយវិស័យកីឡាម៉ូតូទឹកកម្ពុជាឱ្យកាន់តែមានភាពសកម្ម និងរឹងមាំ ដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធនាការជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ក្នុងខេត្តកោះកុង ជាពិសេសតំបន់តារាសាគរ ដែលសម្បូរទៅដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ឱ្យកាន់តែល្បីល្បាញផងដែរ។ យើងសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតារាសាគរកាន់តែច្រើនកុះករ ព្រមទាំងរួមចំណែកប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតនេះ គណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា រួមាន៖ វិញ្ញាសា1-Runabout 1100 stock លេខ១ កីឡាករ ហ៊ង ហេងគៀង លេខ២ កីឡាការិនី ហ៊ង ម៉ាក់ណាវ លេខ៣ កីឡាករ ទូក រ៉ាមី។ វិញ្ញាសា Ski 1500 Stock លេខ១ កីឡាករ ឃុនសេង ប៊ុនហាក់ លេខ២ កីឡាករ ឡុង ចាន់ឌី លេខ៣ កីឡាករ ព្រាប រ៉ាឆា ខណៈវិញ្ញាសា Endurance Runabout Open លេខ១ កីឡាករ ឃុនសេង ប៊ុនហាក់ លេខ២ កីឡាករ ហ៊ន ទូច ខណៈលេខ៣ កីឡាករ ហ៊ង ម៉ាក់ណាវ៕