កិច្ចសហប្រតិបត្តិការរវាងរដ្ឋាករទឹកក្រុងភ្នំពេញ និងក្រុងគីតាគ្យូស៊ុ របស់ជប៉ុន ផ្តល់ការអភិវឌ្ឍន៍ វិស័យទឹកស្អាត នៅកម្ពុជា
 
								កិច្ចសហប្រតិបត្តិការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងគីតាគ្យូស៊ុនៃ ប្រទេសជប៉ុន ដែលមានជាង ៣០ឆ្នាំនេះ មកនេះបានផ្តល់ផ្លែផ្កាជាច្រើន ដល់ការអភិវឌ្ឍន៍វិស័យទឹកស្អាត ខណៈភាគីទាំងពីរនឹងបន្តរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាក់ស្តែងនា ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ លោក តាកេអ៊ីឈិ កាស៊្យូហ៊ីសារ អភិបាលក្រុង គីតាគ្យូស៊ុ នៃប្រទេសជប៉ុន បានចុះទស្សនកិច្ច មកកាន់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក និងរោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលរោងចក្រទាំងពីរនេះ ជារោងចក្រដែលត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសាងសង់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋក្នុងក្រុងភ្នំពេញ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូ រាជរដ្ឋាភិបាល និងជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក តាកេអ៊ីឈិ កាស៊្យូហ៊ីសារ គឺដើម្បីចុះមកពីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលក្រុងគីតាគ្យូស៊ុបានជួយដល់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងតាំងពីឆ្នាំ១៩៩៩មក។
ឯកឧត្តម បានឱ្យដឹងថា នៅឆ្នាំ ១៩៩៩ កិច្ចសហប្រតិបត្តិការរវាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុង គីតាគ្យូស៊ុ បានចាប់ផ្តើមជាផ្លូវការ។ តាមការស្នើសុំរបស់ JICA អ្នកជំនាញមកពីទីក្រុង គីតាគ្យូស៊ុត្រូវបានបញ្ជូនមកកម្ពុជា ដើម្បីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹងដល់មន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
ឯកឧត្តម បានគូសបញ្ជាក់ថា ការគាំទ្រនេះបានពង្រឹងសមត្ថភាពស្ថាប័នរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញយ៉ាងខ្លាំង និងលើកកម្ពស់ស្តង់ដារប្រតិបត្តិការ និងការផ្តល់សេវាកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាន់តែប្រសើរឡើង។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ កិច្ចសហការនេះបានរួមចំណែកដល់ការកាត់បន្ថយអត្រាទឹកបាត់បង់ពី៧២% ក្នុងឆ្នាំ១៩៩៣ មកត្រឹម ៧,២៨% ក្នុងឆ្នាំ២០០៦ ដែលជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា«អព្ភូតហេតុនៃទីក្រុងភ្នំពេញ»។
ឯកឧត្តម បន្ថែមថា«រយៈពេលបីទសវត្សរ៍ កន្លងមកនេះ ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុង Kitakyushu បានវិវត្តហួសពីការផ្លាស់ប្តូរគម្រោង និងជំនាញសាមញ្ញមួយ។ វាគឺជាភាពជាដៃគូដ៏ស៊ីជម្រៅដែលបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជឿជាក់ នវានុវត្តន៍ និងការអភិវឌ្ឍជាបន្តបន្ទាប់។ ការចូលរួមចំណែកយ៉ាងជ្រាលជ្រៅនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការរីកចម្រើនរបស់យើង និងក្នុងការពង្រឹងសមត្ថភាពរបស់យើងជាបន្តបន្ទាប់ក្នុងការបម្រើប្រជាជននៅទីក្រុងភ្នំពេញ»។
ថ្លែងនាឱកាសនេះ លោក តាកេអ៊ីឈិ កាស៊្យូហ៊ីសារ បានមានប្រសាសន៍ថា លោករីករាយដែលបានចូលរួមចំណែកជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសការសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា«អព្ភូតហេតុនៃទីក្រុងភ្នំពេញ»។
លោកសង្ឃឹមថា ការបំពេញការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងក្លាយជាគម្រូដល់រដ្ឋាករទឹកផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា។
ក្នុងនាមជា អភិបាលក្រុងគីតាគ្យូស៊ុនៃប្រទេសជប៉ុន លោកមានបំណងចង់ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងចង់បន្តរួមគ្នាដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា៕
 
  
  
  
  
  
  
  
  
  
  
  
  
  
 
 
			



