កិច្ចសន្ទនាស្តីពី «កិច្ចបដិបត្ដិពុទ្ធោវាទដើម្បីកសាងខ្លួនជាមូលធនមនុស្សក្នុងសង្គម»ត្រូវបានរៀបចំឡើងនៅស្រុករំដួលខេត្តស្វាយរៀងដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសន្ទនាស្តីពី «កិច្ចបដិបត្ដិពុទ្ធោវាទដើម្បីកសាងខ្លួនជាមូលធនមនុស្សក្នុងសង្គម»ត្រូវបានរៀបចំឡើងនៅស្រុករំដួលខេត្តស្វាយរៀងដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងរដ្ឋបាលស្រុករំដួល ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធិ និងស.ស.យ.ក. សរុបប្រមាណ ៣៥០រូប។
ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថាកម្មវិធីនេះរៀបចំដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព បណ្តុះគុណធម៌ សីលធម៌ដល់យុវជនបន្តវេនក្នុងគោលបំណង៖
១. លើកកម្ពស់ការយល់ដឹងអំពី ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលអប់រំផ្លូវចិត្ត និងមនសិការប្រជាពុទ្ធបរិស័ទលើទម្លាប់មានសីលធម៌ សុជីវធម៌ និងចរិយាធម៌នៅក្នុងសង្គម។
២. អភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់យុវជនជាមិត្តអប់រំមិត្ត ក្នុងការចូលរួមពង្រឹងសីលធម៌សង្គមនៅក្នុងសាលារៀននិងសហគមន៍។
៣. ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ជីវិតនិងសង្គម របស់ចាស់ព្រឹទ្ធាចារ្យដើម្បីបណ្ដុះស្មារតី និងបង្កើនសាមគ្គីភាពរបស់យុវជនចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
ឯកឧត្តមបានបន្តទៀតថា ពាក្យថា មូលធនមនុស្ស គឺសំដៅដល់កត្តារួមផ្សំចំនួន៤យ៉ាងគឺ ទី១.មនុស្សមានចំណេះដឹង ទី២.មនុស្សមានចំណេះធ្វើឬបំណិន ទី៣.មនុស្សមានឥរិយាបថល្អ (សីលធម៌ក្នុងការរស់នៅ) និងទី៤. មនុស្សមានសុខភាពល្អ។ ក្នុងនោះ ឥរិយាបថល្អរបស់មនុស្ស ឬសីលធម៌ល្អរបស់មនុស្ស គឺជាចំណុចសំខាន់មួយក្នុងចំណោមកត្តាទាំងបួននេះ ហើយមេរៀនរបស់ព្រះពុទ្ធគឺគោលការណ៍នៃសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។ ចក្ខុវិស័យក្នុងការចូលរួម កសាងមូលធនមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយចីរភាព ភាគីដៃគូ និងវាគ្មិននឹងធ្វើការបញ្ចូលគ្នា (Integration Approach) រវាងទ្រឹស្ដី (បរិយត្តិ) និងការអនុវត្តតាមគន្លងពុទ្ធមាគ៌ា (Buddha Teaching and Application) ដែលនឹងត្រូវពន្យល់អធិប្បាយដោយវាគ្មិនល្បីៗ និងការផ្ដល់ចំណេះដឹងលើការអនុវត្ដជាក់ស្ដែងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាបទពិសោធន៍ក្នុងការរៀនរស់ក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ដែលអាចប្រែក្លាយខ្លួនទៅជា កល្យាណបុថុជ្ជន ដែលមានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់ដែលបានសហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញរៀបចំកម្មវិធីនេះឡើង ដើម្បីពង្រឹងស្មារតី ចែករំលែកចំណេះដឹងដល់យុវជនរបស់យើងឱ្យប្រែក្លាយជាទំពាំងប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការរបស់គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលគឺប្រជាជនរស់នៅក្នុងសង្គមស៉ីវិល័យ និងបំពេញតម្រូវកសរសម្រាប់ឆ្នាំ២០២៣០និង ឆ្នាំ២០៥០។ ព្រមជាមួយគ្នានោះ លោកជំទាវបានបន្ថែមទៀតថា តាមរយៈសកម្មភាពនិងវិធីសាស្រ្ដនៃការអនុវត្ដក្នុងវេទិកានេះ យើងជឿជាក់ថា នឹងទទួលបាននូវសមិទ្ធកម្មស្របតាមគោលបំណងដែលអាចរួមចំណែកសម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះលោកជំទាវក៏បានជូនសម្ភារ:សិក្សាដល់យុវជនទាំង ៣០០រូប និងថវិកាឧបត្ថម្ភថវិកាជូនគ្រូបង្រៀនផងដែរ។