កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងអំណរគុណជូនចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ជាមួយលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham)ដែលទើបចូលកាន់តំណែង និងដោយមានការចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប រួមមានជាអាទិ៍៖ (១)ការដឹកជញ្ជូន និងភស្តុភារកម្ម, (២)កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា, (៣) វិស័យយានយន្ត, (៤) នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ, (៥) ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោក Gabriele Faja ដែលទើបចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រក្នុងខែមីនាកន្លងទៅថ្មីៗ ក៏ដូចជាសម្តែងការស្វាគមន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរ គុណជូនចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែល បានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរ គុណទៅកាន់លោក Tassilo Brinzer ដែលបានបំពេញតួនាទីជាប្រធាន EuroCham កាលពីអាណត្តិមុនដោយការយកចិត្តទុកដាក់ និងប្រកបដោយកិច្ចសហការខ្ពស់ ក្នុងការសម្របស្រួលរវាងវិស័យពាក់ព័ន្ធនានា និងផ្នែកឯកជន។  

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី កំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ (Investment Roadshow) ទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

តំណាងវិនិយោគិនអឺរ៉ុបរំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានជាលំដាប់ ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ថែមមួយកម្រិតទៀតផងដែរ។ ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពីអាណត្តិមុន បានយកវេទិកានេះគោរពថ្លែងអំណរគុណទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីដោះស្រាយនូវបញ្ហានានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការដ៏រហ័ស គួបផ្សំនឹងជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់