កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល

ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ ថ្ងៃនេះ, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបសន្ទនាទ្វេភាគី ដើម្បីបញ្ជាក់សារជាថ្មីនូវភាពជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាពក្នុងវិស័យសំខាន់ៗនៃកិច្ចសហ-ប្រតិបត្តិការកន្លង ។

កិច្ចសន្ទនា បានផ្ដោតការពិភាក្សាលើការវិវត្តពេលថ្មីៗ នៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា និងសហភាពអឺរ៉ុប រួមមាន សក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជា និន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ភាគីទាំងពីរ បានទទួលស្គាល់នូវវឌ្ឍនភាពក្នុងការអនុវត្តដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program – PFMRP) និងបានគូសបញ្ជាក់អំពីនៃការកែទម្រង់នានា ដែលមានតួនាទីដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពសង្គម ។ ក្នុងឆ្នាំ ២០២៥, ទំហំពាណិជ្ជកម្មទ្វេភាគី អឺរ៉ុប-កម្ពុជា បន្តរីកចម្រើន ។ ជាមួយគ្នានេះ, ទោះបីជាលំហូរវិនិយោគមកពីសហភាពអឺរ៉ុបនៅមានកម្រិតមធ្យមនៅឡើយ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ១៧% ក្នុងរយៈពេលដូចគ្នា (year-on-year), គិតត្រឹមខែ តុលា ឆ្នាំ ២០២៥ ។

តាមរយៈយុទ្ធសាស្ត្រវិនិយោគសកល (Global Gateway Investment Strategy), សហភាពអឺរ៉ុប ជំរុញការវិនិយោគប្រកបដោយចីរភាពនៅទូទាំងពិភពលោក ។ សហភាពអឺរ៉ុប ក៏កំពុងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាពនានា ដូចជា ថាមពល ទឹក និងការអប់រំ/ជំនាញ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពន្លឿនកំណែទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងបណ្ដាឆ្នាំខាងមុខ ។

ជាមួយគ្នានេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង ២២ លានដុល្លារអាម៉េរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការដាក់ឱ្យដំណើរការនូវកិច្ចសហប្រតិបត្តិការថ្មីរវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយមានការចូលរួមពីប្រទេសបារាំង និងហ្វាំងឡង់ សម្រាប់ការងារកែទម្រង់ពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ីហ្គូ ទ្រីសម៉ាន់ បានគូសបញ្ជាក់ថា៖ “តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព, គឺយើងបានជួយកសាងបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណ (predictable business Environment) បាន ដែលគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូអង្វែង” ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម” ។