កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងការចូលរួម “ពិព័រណ៌អន្តរជាតិចិន សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម លើកទី ២៥” នៅទីក្រុង XIAMEN ប្រទេសចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីជួបពិភាក្សាទ្វេភាគី ជាមួយនឹង អង្គការ សហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) ដែលដឹកនាំដោយលោកស្រី Nan Li Collins, ប្រធានគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការ សហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ។ 

កិច្ចពិភាក្សាទ្វេភាគីនេះ បានផ្តោតសំខាន់ទៅលើការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB ដែលជាធនាគារគោលនយោបាយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា សំដៅរួមគ្នាចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងប្រទេសកម្ពុជា តំបន់ និងសកល។ 

ជាលទ្ធផល, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ បានចែករំលែកនូវនិន្នាការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមពាក់ព័ន្ធហិរញ្ញប្បទានប្រកបដោយចីរភាព ព្រមទាំងការសែ្វងរកដំណោះស្រាយរួមគ្នា៕