កិច្ចពិភាក្សាជាន់ខ្ពស់ ក្រោមប្រធានបទ៖ “អន្តរាគមន៍ឆ្លើយតបនឹងពហុវិបត្តិ (Polycrisis) ក្នុងបរិបទប្រទេសកម្ពុជា”
នៅក្នុងពិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ដោយក្នុងនោះមាន កិច្ចពិភាក្សាជាន់ខ្ពស់ ក្រោមប្រធានបទ៖ “អន្តរាគមន៍ឆ្លើយតបនឹងពហុវិបត្តិ (Polycrisis) ក្នុងបរិបទប្រទេសកម្ពុជា” ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសរូបសំខាន់ៗ រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និង ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចពិភាក្សាជាន់ខ្ពស់នេះ បានផ្តោតជាសំខាន់លើការកសាងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់ ដែលរួមមានកម្មវិធីជំនួយសង្គម របបសន្តិសុខសង្គម និងការឆ្លើយតបនឹងគ្រោះអាសន្នប្រកបដោយបរិយាបន្ន។
ក្នុងកិច្ចពិភាក្សា វាគ្មិនដែលជាអ្នកជំនាញនីមួយៗក៏បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្ត្រនានាពាក់ព័ន្ធនឹងអន្តរាគមន៍ឆ្លើយតបនឹងពហុវិបត្តិ (Polycrisis) ក្នុងបរិបទកម្ពុជា។
ឆ្លើយតបនឹងពហុវិបត្តិនានានេះ, រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកម្មវិធីអន្តរាគមន៍គាំពារសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ក្រោមអភិក្រមគាំពារតាមវដ្តជីវិត ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៦-២០៣៥ និងការបន្តពង្រឹងយន្តការប្រមូលទិន្នន័យគ្រោះមហន្តរាយ និងគ្រោះអាសន្ននានា ព្រមទាំងការជំរុញការធ្វើអន្តរាប្រតិបត្តិការទិន្នន័យរវាងមូលដ្ឋានទិន្នន័យពាក់ព័ន្ធ ជាពិសេសតាមរយៈថ្នាលគាំពារសង្គមឌីជីថល (DSPP) ក៏ដូចជាការរៀបចំក្របខណ្ឌដាក់ចេញអន្តរាគមន៍គ្រប់ជ្រុងជ្រោយ (Scalability Framework) ដើម្បីធានាការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់នៅពេលមានវិបត្តិថ្មីៗកើតឡើងនេះ ផងដែរ ៕



