កិច្ចប្រជុំលើកទី៤ ស្តីពីការទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើផ្ទៃសមុទ្ររវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់៤ វៀតណាម

នៅរសៀលថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥ អង្គភាពទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបើកកិច្ចប្រជុំលើកទី៤ ស្តីពីការទំនាក់ ទំនងកិច្ចសហប្រតិបត្តិការលើផ្ទៃសមុទ្ររវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់៤ វៀតណាមក្រោមអធិបតីភាពឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកវរសេនីយ៍ឯក ងៀន វណ្ណចាញ់ មេបញ្ជាការរង បញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់៤វៀតណាម។

ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រ និងតំបន់សមុទ្រជាប់គ្នារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅថែមទៀត ។
ការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពទាំងពីរមាន ភាពល្អប្រសើរ ប៉ុន្តែនៅមានកម្រិត គឺមានតែការផ្លាស់ប្តូរព័ត៌មានអំពីឧប្បត្តិហេតុមួយចំនួនទាក់ទងនិងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ការជួយសង្គ្រោះក្នុងដែនទឹកប្រវត្តិសាស្ត្រ កម្ពុជា-វៀតណាម ដោយសង្ឃឹមថា អង្គភាពទាំងពីរនិងជំរុញលទ្ធផលដែលសម្រេចបាន និងផ្លាស់ប្តូរព័ត៌មានឱ្យបានញឹកញាប់លើគ្រប់ខ្លឹមសារស្របតាមយន្តការដែល បានចុះហត្ថលេខា សំដៅលើការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រួម ចំណែកកសាងសន្តិភាពដែនសមុទ្រ ទប់ស្កាត់ និងបង្ក្រាបការចូលនេសាទខុសច្បាប់ក្នុងដែនទឹកនៃប្រទេសទាំងពីរ បង្ក្រាបការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញដែលមិនបានឆ្លងកាត់ការបំពេញបែបបទពន្ធគយត្រឹមត្រូវ ទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ ការរក្សា បរិស្ថានសមុទ្រ ការស្វែងរក និងជួយសង្គ្រោះនៅលើសមុទ្រជាដើម។ ឯកឧត្តមបានបន្តថា តាមការសង្កេតឃើញថា ការផ្លាស់ប្តូរ ព័ត៌មាន មានភាពល្អប្រសើរ និងសង្ឃឹមថា អង្គភាពទាំងពីរធ្វើការផ្លាស់ប្តូព័ត៌មានឱ្យគ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត ។

លោកវរសេនីយ៍ឯក ងៀន វណ្ណចាញ់ មេបញ្ជាការរង បញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់៤វៀតណាម បានឱ្យដឹងថា ដើម្បីផ្លាស់ប្តូរព័ត៌មានដែលបានឯកភាពគ្នាចំនួន៧ ចំណុចរួមមាន៖
-សកម្មភាពនេសាទក្នុងដែនទឹកប្រវត្តិសាស្រ្ត
-ជម្លោះលើដែននេសាទ និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅលើផ្ទៃសមុទ្រ
-ការស្វែងរក និងជួយសង្រ្គោះនៅលើផ្ទៃសមុទ្រ
-ស្ថានភាពបទល្មើស និងឧក្រិដ្ឋកម្ម
-ការល្បាត និងត្រួតពិនិត្យដែនទឹកប្រវត្តិសាស្រ្ត
-ស្ថានភាពសន្តិសុខលើផ្ទៃសមុទ្រ និងសុវត្ថិភាពផ្សេងៗទៀត
-ប្រព័ន្ធទំនាក់ទំនង រវាងទីបញ្ជាការជួរមុខ ជាមួយបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់៤វៀតណាម។
ដោយឈរលើយន្តការទំនាក់ទំនងទាន់ហេតុការណ៍រវាងឆ្មាំសមុទ្រវៀតណាម និងគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងការផ្លាស់ប្តូរព័ត៌មានរវាងភាគីទាំងពីរ។ ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនមានករណីជនជាតិវៀតណាម ឬពលរដ្ឋខ្មែរ ចេញ-ចូលពីប្រទេសតាមផ្លូវសមុទ្រដោយខុសច្បាប់នោះទេ ។ ទាក់ទងការផ្លាស់ប្តូរ ការយាមល្បាត និងការត្រួតពិនិត្យក្នុងដែនទឹកប្រវត្តិសាស្ត្រ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់លើផ្ទៃសមុទ្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ហើយបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់៤វៀតណាម បានស្នើឱ្យទីបញ្ជាការជួរមុខ ផ្លាស់ប្តូរព័ត៌មាននៅពេលមានឧប្បត្តិហេតុពាក់ព័ន្ធនឹង IUU ។
សូមបញ្ជាក់ថា កិច្ចប្រជុំ ស្តីពីការទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើផ្ទៃសមុទ្ររវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់ ៤ វៀតណាម បានរៀបចំធ្វើឡើងចំនួន ៣លើករួចមកហើយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលបានឯកភាពគ្នាធ្វើឱ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់លើផ្ទៃសមុទ្រមានភាពល្អប្រសើ ហើយភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅពេលមានឧប្បហេតុផ្សេងៗ ព្រមទាំងទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងលើផ្ទៃសមុទ្រឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។