កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)

ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង បណ្តាក្រសួង-សា្ថប័នពាក់ព័ន្ធជាច្រើនទៀត។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្ត “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” ដោយផ្អែកលើរបាយការណ៍ និងផែនការអនុវត្តរបស់ក្រសួង- សា្ថប័នសាមី លើបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបានជួបប្រទះក្នុងការអនុវត្តគោលនយោបាយ ស្វែងរកដំណោះស្រាយរួម និងផ្តល់ទិសដៅសម្រាប់រយៈពេល ៦ខែខាងមុខ ដើម្បីបន្តជំរុញការអនុវត្តផែនការសកម្មភាពនៃគោល នយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា គ.ល.គ.យ.អ. ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាររៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ក្នុងទិសដៅគាំទ្រលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានទូលំទូលាយ និងទាក់ទាញការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែប្រសើរ និងច្រើនឡើងនៅកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបរិស្ថាន និងថាមពលបៃតងស្របតាម “យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន” ដែលបានដាក់ជូន “អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ” (United Nations Framework Convention on Climate Change – UNFCCC) កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានបញ្ចូលការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តគ្រួសារ និងរថយន្តក្រុងអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% ត្រឹមឆ្នាំ២០៥០៕