កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
…………………………………
ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជា ការងារអាទិភាព ដោយឈរ លើទស្សនទាន ការអភិរក្ស បម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍ បម្រើដល់ការអភិរក្ស ព្រមទាំង ស្របតាមគោលការណ៍ នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ ដល់ប្រជាសហគមន៍ ។
នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានដឹកនាំកិច្ចប្រជុំ លើកដំបូង របស់គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ ជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ., ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក គ.ជ.អ.អ. មកពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងគ.ជ.អ.អ. នៅថ្នាក់ក្រោមជាតិ តំណាងដោយ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. បានគូសរំលេច នៅក្នុងអង្គប្រជុំថា កម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ លើការងារ សហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន, ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍, ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាអនុប្រធាន គ.ជ.អ.អ បានលើកឡើងដែរថា ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការអភិវឌ្ឍតំបន់អេកូទេសចរណ៍ សហគមន៍ទេសរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងនានា ជាច្រើនមកហើយ ដូចជា នៅភ្នំខ្នងផ្សារ រមណីដ្ឋានគិរីរម្យ និងភ្នំគូលែន ជាដើម ដើម្បីទាក់ទាញទេសចរស្នាក់នៅ និងកម្សាន្ត ដែលកំពុងទាញចំណូល ដោយផ្ទាល់សម្រាប់ទ្រទ្រង់ ដល់សហគន៍នៅតំបន់នោះ។ ទន្ទឹមនេះ ចំពោះតំបន់ដែលក្រសួង បានអភិវឌ្ឍន៍រួចហើយនោះ ក្រសួង បានប្រគល់ទៅឱ្យសហគមន៍ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ដើម្បីប្រមូលចំណូលសម្រាប់ទ្រទ្រង់ និងរស់ដោយខ្លួនឯង។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានស្នើដល់អ្នកពាក់ព័ន្ធជួយបណ្តុះបណ្តាល ដោយធ្វើយ៉ាងណាឱ្យតំបន់ទាំងនោះមានភាពស្រស់បំព្រងប្រកបដោយអនាម័យ និងបរិស្ថាន និងមានចំណតឱ្យបានត្រឹមត្រូវផងដែរ ដើម្បីជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចង់ទៅលេងម្តងហើយម្តងទៀត។
សូមបញ្ជាក់ថា ឆ្នាំ២០២៥ កម្ពុជាបានដាក់ការរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន ២សែននាក់។ រយៈពេល ៥ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ ដែលមានកំណើន ១១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ តួលេខនេះ គឺដូចទៅនឹងការរំពឹងទុក ឬផែនការដែលបានដាក់ចេញ។ ដោយឡែកសម្រាប់ភ្ញៀវទេសចរជាតិរយៈពេល ៥ខែដូចគ្នា ទទួលបានប្រមាណ ១៣លាននាក់ មានកំណើន ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៤៕