កិច្ចប្រជុំពិភាក្សាការងារ ស្ដីអំពីការស្នើសុំបញ្ចុះថ្លៃដឹកជញ្ជូន និងថាមពលអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយលោក CHEN JIANG GANG ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ដីអំពីការស្នើសុំបញ្ចុះថ្លៃដឹកជញ្ជូន និងថាមពលអគ្គិសនី ដើម្បីធ្វើឱ្យមាន ការទាក់ទាញអ្នកវិនិយោគបន្ថែម ហើយឯកឧត្តមក៏បានបន្តអញ្ជើញទស្សនកិច្ចក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡូជី (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត នៅទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោក CHEN JIANG GANG ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានមាន ប្រសាសន៍និងធ្វើបទបង្ហាញជូនឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រួមទាំងគណៈ ប្រតិភូអមដំណើរ ស្ដីពីការស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ចុះតម្លៃនៃការដឹកជញ្ជូន បញ្ចុះថ្លៃថាមពលអគ្គិសនី និងកាត់ បន្ថយការចំណាយទៅលើកំពង់ផែ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់រោងចក្រសហគ្រាស និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានចំនួន ៣០០រោងចក្រ ដោយគិតត្រឹមឆ្នាំ២០២៧ខាងមុខនេះ ហើយទន្ទឹមនឹងនោះលោកប្រធានក្រុម ប្រឹក្សាភិបាល ក៏បានស្នើសុំការ បង្កើតគម្រោងអភិវឌ្ឍថាមពលស្អាតដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ជូនរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយក្នុងន័យនេះលោកចង់បញ្ជាក់ថា បើរោងចក្រសហគ្រាស នៅតំបន់មានការអភិវឌ្ឍន៍ល្អ នោះតំបន់ក៏មានការរីកចម្រើនដែលអាចផ្តល់ការងារកាន់ច្រើនដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស មានការអភិវឌ្ឍន៍បានលឿន និងរីកចម្រើនឆាប់រហ័សជាងគេ នៅប្រទេសកម្ពុជា ព្រមទាំងបានជួយជំរុញការធ្វើទំនើបកម្ម និងឧស្សាហកម្មរបស់ប្រទេសកម្ពុជាទៀតផង ដោយកន្លងទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏ បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស នេះប្រៀបដូចជាកូន បង្កើត របស់សម្តេចផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានពន្យល់លោក CHEN JIANG GANG បែបនេះ៖ «នៅតំបន់អាស៊ាន ក្រៅពីប្រទេសឡាវ មានតែប្រទេសកម្ពុជាទេដែលជាប់លេខ ២ ក្នុងការផលិតថាមពលស្អាត (ថាមពលបៃតង់)បានច្រើនខ្ពស់ជាងគេ ដោយឯកឧត្តមចង់ជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេសងាកមកប្រើ ប្រាស់ថាមពលបៃតងដែលផលិតដោយកម្ពុជាផ្ទាល់មានបរិមាណ ៦២ភាគរយ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម ដែលពិភពលោកគាំទ្រលើការប្រើប្រាស់ថាមពលស្អាត។

នាឱកាសនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ណែនាំឱ្យតំបន់សេដ្ឋពិសេសធ្វើការជាមួយក្រសួង អគ្គិសនីកម្ពុជា (EDC) ដើម្បីស្នើសុំអាជ្ញាបណ្ណដាក់ឱ្យអនុវត្តការប្រើប្រាស់ថាមពល បៃតងដែលអាចរុញឱ្យមានការទាក់ទាញអ្នកវិនិយោគមកក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់យើង ទោះបីជាប្រទេសកម្ពុជារងនូវវិបត្តិ នៃសង្គ្រាមលើពិភពលោក និងជួបបញ្ហាជំងឺកូវីដ-១៩ យ៉ាងណា ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាខិតខំរក្សាលំនឹង នៃតម្លៃថាមពលអគ្គិសនី មិនឱ្យឡើងថ្លៃនោះទេ ពោលគឺឱ្យរក្សាតម្លៃនៅថេរដដែល ហើយសូមបញ្ជាក់ផងដែរថា ពាក់ ព័ន្ធនឹងសំណើសុំបង្កើតថាមពលស្អាតដែលបានលើកឡើងដោយលោក CHEN JIANG GANG ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាថ្ងែទី៣០ ខែកក្កដានេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល គឺមិនទាន់មានការបដិសេធទាំងស្រុងនោះទេ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នឹងយកសំណើរនេះដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ពិចារណា ចំណែកឯការស្នើសុំបញ្ចុះថ្លៃថាមពលអគ្គិសនី ឯកឧត្តម សន្យានឹងគិតគូរជួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការផ្គត់ផ្គង់ថាមពលមិនឱ្យមានការរអាក់រអួល និងមានតម្លៃទាប ។

ក្រោយបញ្ចប់កិច្ចពិភាក្សា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញធ្វើទស្សនៈកិច្ចក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡូជី (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមន្រ្តីជាច្រើនរូបទៀតផង៕