កិច្ចប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី១ ជាមួយស្ថាប័នអង្គភាពស៊ីវិល
ក្រសួងការពារជាតិបាន បេីកប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី១ ដោយមានសមាជិក សមាជិកា ភ្ញៀវកិត្តិយសចូលរួមចំនួន ១៤៧នាក់ ក្រោមអធិបតីភាពលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ក្រោមប្រធានបទ“ថែរក្សាការពារសន្តិភាព និងបន្តជំរុញខឿនការពារជាតិរបស់ប្រជាជន” ។
នៅក្នុងកិច្ចពិភាក្សា អង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្ព័ន្ធមេត្រីភាពទិសយោធភូមិភាគទី១ សម្រេចបានកន្លងមក ការយកចិត្តដាក់តម្រង់ទិសជាប់ជាប្រចាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ សាមគ្គីជាតិខ្ពស់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាក់ព័ន្ធនឹងវិស័យការពារជាតិ។
អង្គប្រជុំសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព យោធិន និងគ្រួសារយោធិនដោយផ្ទាល់ រួមទាំងការលើកស្ទួយកម្រិតជីវភាព ការហ្វឹកហ្វឺន ការកសាងជំរុំជម្រកស្នាក់នៅ ព្រមទាំងការបំពាក់សម្ភារៈសម្រាប់ប្រតិបត្តិការយោធា ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការថែទាំសុខភាពបងប្អូនយោធិនជាប្រចាំ។ ថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុមហ៊ុន សប្បុរសជន វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ដែលបានជួយគាំទ្រឧបត្ថម្ភទាំងស្មារតី និងសម្ភារៈដល់អង្គភាព វីរកងទ័ព ក្នុងស្មារតីប្រពៃណី “សិល្បៈនៃការចែករំលែក” សំដៅរួមចំណែកកសាង និងពង្រឹងខឿនការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ ស្របតាមទិសស្លោក “នយោបាយការពារជាតិ គឺជាខឿនការពារប្រជាជន”។
កិច្ចប្រជុំ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានដាក់ចេញទិសដៅការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព ៥ចំណុចរួមមាន៖
១.បន្តពង្រឹងថែមទៀតនូវចំណង សម្ព័ន្ធមេត្រីភាពដែលមានស្រាប់ និងខិតខំទំនាក់ទំនង សម្ព័ន្ធមេត្រី ភាពថ្មីថែមទៀត ដើម្បីចងសម្ព័ន្ធមេត្រីភាពជា មួយអង្គភាពដែលមិនទាន់មានដៃគូ សំដៅលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិនឱ្យកាន់តែប្រសើរឡើង។
២.បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ក៏ដូចជាសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ បន្តយកចិត្តទុកដាក់ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់នូវរាល់បញ្ហាដែលនៅសេសសល់នៅតាមកងឯកភាពនីមួយៗ ដកបទពិសោធន៍ចំណុចខ្លាំង បញ្ហាប្រឈមនានា ។
៣.ពិចារណាស្វែងរកការគាំទ្រជំនួយសម្ព័ន្ធមេត្រីភាព និងសប្បុរសជន រួមចំណែកក្នុងការកសាងនិង អភិវឌ្ឍន៍ខឿនការពារជាតិប្រជាជន ដែលជាទស្សន និងយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសជាតិ ដូចជាការកែទម្រង់កងយោធពលខេមរភូមិន្ទ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការស្ថាបនាសំណង់ការពារជាតិនានា “ជំរុំ បន្ទាយ លេណដ្ឋាន ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធនានា” ដែលជាការងារអាទិភាពចាំបាច់ចំពោះមុខ តាមសភាពការណ៍ជាក់ស្តែងនៅតំបន់ព្រំដែន។
៤.បន្តសហការជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ ផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍនានាតាម ទស្សនៈ “ផ្តល់សន្ទូច ជាជាងផ្តល់ត្រី” ដើម្បីធានានិរន្តភាពទ្រទ្រង់ដល់ជីវភាពនិងសុខមាលភាព គ្រួសារយោធិន យូរអង្វែងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងប្រកបដោយ ភាពបត់បែន ប៉ិនប្រសប់។ ជាមួយគ្នានេះ បន្តស្វែងរកមុខរបរឱ្យគ្រួសារកងទ័ព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់យោធិនត្រៀមចូលនិវត្តន៍ ព្រោះនេះជាការងារនយោបាយអប់រំចិត្តសាស្ត្រមួយ យ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ នាពេលអនាគត ។
៥.បណ្តាអង្គភាពនីមួយៗ ត្រូវរៀបចំផែនការគម្រោងសេចក្តីត្រូវការរបស់ខ្លួនឱ្យបានជាក់លាក់សម្រាប់ បម្រើឱ្យយុទ្ធសាស្រ្ត ចំពោះមុខ និងយូរអង្វែង ស្របតាមស្ថានភាព និងភូមិសាស្ត្រជាក់ស្តែង ។



