កិច្ចប្រជុំធុរកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡាស៊ី ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំធុរកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី (ACCCIM) ដឹកនាំដោយ ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ី នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី  ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា  ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានគោលបំណង ពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងកំណត់វិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ 

ភាគីទាំងពីរបានជជែកពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី៕