កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅអភិវឌ្ឍន៍ឆ្នាំ២០២៦។

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de Liaison de l’Institut Pasteur du Cambodge) កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរៀបចំឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃសមិទ្ធិផលការងារឆ្នាំ២០២៥ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងវិស័យស្រាវជ្រាវ សុខភាពសាធារណៈ និងការបណ្តុះបណ្តាល ព្រមទាំងពិភាក្សាលើផែនការអភិវឌ្ឍន៍ និងទិសដៅការងារនាពេលអនាគត។

ក្នុងឆ្នាំ២០២៥ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបន្តបង្ហាញពីសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រសុខាភិបាល ដោយមានបុគ្គលិកជំនាញមកពី ១៧ សញ្ជាតិ និងបានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ៦៧ អត្ថបទ នៅក្នុងទិនានុប្បវត្តិអន្តរជាតិល្បីៗ ដែលបានចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រប៉ារីស និងក្រសួងសុខាភិបាល ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថាន បន្តផ្តោតលើអាទិភាពសំខាន់ៗចំនួន ៣ រួមមាន៖
ការអភិវឌ្ឍ និងនវានុវត្តន៍៖ ជំរុញការច្នៃប្រឌិត និងការធ្វើទំនើបកម្មលើការងារបច្ចេកទេស។ ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្ទេរចំណេះដឹង៖ ពង្រឹងសមត្ថភាពធនធានមនុស្ស និងពង្រីកការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល។
ការពង្រឹងការស្រាវជ្រាវ៖ បន្តលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ឱ្យកាន់តែស៊ីជម្រៅ និងមានផលប៉ះពាល់ជាក់ស្តែង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) នៅកម្ពុជា ស្របតាមទិសដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី Odette Tomescu-Hatto អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស (ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ) ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថិភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោកស្រី Mariana Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ២៩រូប។