កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព” បានធ្វើពិធីបើកក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ
(ភ្នំពេញ) ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥.
កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ២០២៥ 2025 World Green & Sustainability Summit) ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព” ។ ពិធីបើកកិច្ចប្រជុំជាផ្លូវការប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ រៀបចំដោយ គណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ( គ.ផ.គ.ព )
និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World Green Organisation, Asean Economic Club, World Digital Chamber, Asean Business Club. ។
កម្មវិធីបើកនៃកិច្ចប្រជុំជាផ្លូវការ មានការចូលរួមពី លោក Tan Sri Michael Yeoh នាយកប្រតិបត្តិវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិក KSI និងជាអនុប្រធានបណ្តាញអាជីវកម្មប្រកបដោយចីរភាព នៃគណៈកម្មការ សេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UN ESCAP) , លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការ សហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំ តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ។
កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ២០២៥ 2025 World Green & Sustainability Summit) ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព” គឺជាកិច្ចប្រជុំលើកទី៣ នៃការរៀបចំប្រចាំឆ្នាំ ដែលមានគោលបំណងចម្បង ជំរុញ និងលើកកម្ពស់កំណើនបៃតង (Green Growth) សម្រាប់ការកសាងពិភពលោកមួយប្រកបដោយ ចីរភាព បរិយាបន្ន (Inclusive) និងស្អាតស្អំ។ កិច្ចប្រជុំប្រមូលផ្តុំទៅដោយ ថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ត្រីជំនាញ អ្នកជំនួញ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរគំនិត និងដំណោះស្រាយ។
កិច្ចប្រជុំលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម និងគាំទ្រព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកំណើនបៃតង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ព្រឹត្តិការណ៍នេះនឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការពិភាក្សា ការផ្លាស់ប្តូរគោលនយោបាយ និងជាមជ្ឈមណ្ឌលសម្រាប់ស្វែងរកដំណោះស្រាយ និងឱកាសវិនិយោគក្នុងវិស័យ ថាមពលបៃតង ។
បន្ទាប់ពីពីធីបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីកាត់ខ្សែបូរជានិមិត្តរូប បើកដំណើរការស្តង់ពិព័រណ៌ GREEN INVESTMENT EXPO សម្រាប់កិច្ចប្រជុំលើកទីបីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។




