កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅតែបន្តនិងពន្លឿនបន្ទាប់ពីព្យុះកំបុតត្បូងវាយប្រហារលើប្រទេសប្រេស៊ីល បន្សល់ទុក មនុស្ស១៨.០០០នាក់រងផលប៉ះពាល់

កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅតែបន្តរហូតមកដល់ពេលនេះ នៅទីក្រុង Rio Bonito do Iguacu ភាគខាងត្បូងប្រទេសប្រេស៊ីល ដែលត្រូវបានវាយប្រហារដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងមួយ ដែលបានសម្លាប់មនុស្ស៧នាក់ និងរបួសរាប់រយនាក់ទៀត។ ក្រុមការងាររដ្ឋាភិបាល និងអ្នកស្ម័គ្រចិត្តកំពុងសម្អាតកំទេចកំទីចេញពីដងផ្លូវ និងដីឡូត៍នានានិងបានជួយសាងសង់ផ្ទះថ្មី ខណៈដែលពួកគេក៏កំពុងពន្លឿនកិច្ចការពារផ្ទះដែលនៅសេសសល់ ចំពេលមានការព្យាករណ៍ថាមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះដែរ។ ព្យុះកំបុតត្បូង ដែលបានវាយប្រហារទីក្រុងនេះ មានល្បឿនខ្លាំងជាង ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានផ្តួលរំលំដើមឈើ ក្រឡាប់បំប៉ើងយានយន្ត និងរំល៉ើងដំបូលអគារជាច្រើនថែមទៀត។ យោងតាមអាជ្ញាធរការពារជនស៊ីវិលបានបញ្ជាក់ថា៖ មនុស្សប្រហែលជា១៨.០០០នាក់បានរងផលប៉ះពាល់ដោយសារព្យុះកំបុតត្បូងនេះនៅទូទាំងរដ្ឋ Paraná និង Rio Grande do Sul របស់ប្រទេសប្រេស៊ីល៕

សម្រួលអត្ថបទ៖ សុផារិន្ទ