ការវាយប្រហារតាមដែនអាកាសទៅលើមន្ទីរពេទ្យមីយ៉ាន់ម៉ាមួយកន្លែងនៅរដ្ឋ Rakhine បណ្តាលឱ្យមានមនុស្សស្លាប់៣៤នាក់ និង៨០នាក់រងរបួស ភាគច្រើនជាអ្នកជំងឺនិងបុគ្គលិកពេទ្យ 

ការវាយប្រហារតាមដែនអាកាសរបស់យោធាមីយ៉ាន់ម៉ាបានបំផ្លាញមន្ទីរពេទ្យមួយកន្លែងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធរបស់ក្រុមឧទ្ទាមឈានមុខគេមួយ ដោយបានសម្លាប់អ្នកជំងឺ និងបុគ្គលិកពេទ្យចំនួន ៣៤នាក់ នេះបើយោងតាមរបាយការណ៍របស់បុគ្គលិកជួយសង្គ្រោះក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មនុស្សប្រហែលជា៨០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនៅយប់ថ្ងៃពុធទៅលើមន្ទីរពេទ្យទូទៅក្នុងឃុំ Mrauk-U ដែលជាតំបន់ដែលគ្រប់គ្រងដោយកងទ័ពជនជាតិភាគតិច Arakan នៅភាគខាងលិចរដ្ឋ Rakhine។ យោធាដែលកំពុងកាន់អំណាចមិនទាន់បានប្រកាសព័ត៌មានអំពីការវាយប្រហារណាមួយទេនៅក្នុងតំបន់នោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់ដែលធើ្វការសម្រាប់សេវាជួយសង្គ្រោះនៅ Rakhine បានប្រាប់សារព័ត៌មាន AP ថា៖ យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែក២គ្រាប់នៅវេលាម៉ោង ៩:១៣យប់ ដោយមួយគ្រាប់បានធ្លាក់ចំបន្ទប់មានគ្រែសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ និងមួយទៀតបានធ្លាក់នៅជិតអគារសំខាន់របស់មន្ទីរពេទ្យដែរ។ មន្ត្រីជាន់ខ្ពស់ម្នាក់ទទួលបន្ទុកសេវាជួយសង្គ្រោះនៅរដ្ឋ Rakhine បាននិយាយថា៖ លោកបានមកដល់មន្ទីរពេទ្យនៅព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីផ្តល់ជំនួយ និងបានកត់ត្រាចំនួនមនុស្សស្លាប់មានស្ត្រី ១៧ នាក់ និងបុរស ១៧ នាក់។ លោកបាននិយាយថា អគារមន្ទីរពេទ្យភាគច្រើនត្រូវបំផ្លិចបំផ្លាញដោយគ្រាប់បែក ហើយរថយន្តតាក់ស៊ី និងម៉ូតូនៅជិតមន្ទីរពេទ្យក៏ត្រូវបានខូចខាតផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអនឡាញដែលមានមូលដ្ឋាននៅរដ្ឋ Rakhine បានបង្ហោះរូបថត និងវីដេអូដែលបង្ហាញពីអគារ និងកំទេចកំទីក្រោយពីខូចខាត រួមទាំងឧបករណ៍វេជ្ជសាស្ត្រជាច្រើន។ មន្ទីរពេទ្យនេះគឺជាប្រភពសំខាន់នៃការថែទាំសុខភាពសម្រាប់ប្រជាជននៅរដ្ឋ Rakhine និងជាទីកន្លែងសង្រ្គោះខណៈដែលមន្ទីរពេទ្យភាគច្រើនបានបិទទ្វារដោយសារតែសង្គ្រាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វាត្រូវបានបើកឡើងវិញបន្ទាប់ពីគ្រូពេទ្យបានប្រមូលផ្តុំគ្នានៅស្រុក Mrauk-U (ម្រុក យូ) ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រដែលជាតម្រូវការខ្លាំងបំផុត៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ