ការរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ គឺដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក

ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគ រូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) អមដំណើដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រធានមន្ទីរ អង្គភាព អាជ្ញាធរចុះពិនិត្យស្ថានភាពឆ្នេរ សមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពចំណុចមួយចំនួនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមាន ដូចជាទីតាំងផែ និងគម្រោងអភិវឌ្ឍចំណតជលយាន្ត (អ៊ូរទូក) សម្រាប់ការជួលជុលអូក កាណូត និងនាវាក្នុងស្រុក ដែលមានផ្ទៃដីជាង ៨ហិកតា និងពិនិត្យភូមិនេសាទ ស្ថិត នៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សូមជម្រាបថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរ សមុទ្រកម្ពុជា ក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដ៏ទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន។ គម្រោងនេះ ក៏បានគិតគូររៀបចំកែលម្អហេដ្ឋា រចនា សម្ព័ន្ធរូបវន្តទ្រទ្រង់លំហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋានរបស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀប រៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល។

បន្ទាប់មកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារពិនិត្យពីវវឌ្ឍនភាពការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ពិនិត្យ ទីតាំងផែទូកទេសចរណ៍ស្ថិតនៅក្នុងកំពងផែស្វយ័ត ក្រុងព្រះសីហនុ , ចុះពិនិត្យស្ថានភាពចំណត រថយន្ត និងសួនច្បារនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។
និងបន្តចុះពិនិត្យស្ថានភាពឆ្នេរព្រែកចាក ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងបន្តពិនិត្យវឌ្ឍនភាពសាលា បឋម សិក្សាស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម  ។