ការពារស្រទាប់អូហ្សូន គឺការពារយើងទាំងអស់គ្នា

ស្រទាប់អូហ្សូន គឺជាតំបន់មួយនៅក្នុងបរិយាកាសរបស់ផែនដី ដែលស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេ (UV)ពីព្រះអាទិត្យ ការពារមនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រពីឥទ្ធិពលបំផ្លាញ រួមទាំងការកើនឡើងអត្រានៃជំងឺមហារីកស្បែក និងជំងឺភ្នែក។ ចំណុចគួរបារម្ភនោះគឺ សារធាតុបំផ្លាញស្រទាប់អូហ្សូនដូចជាការបំភាយឧស្ម័នODSs ដែលរួមចំណែកដល់ការផ្លាស់ប្តូរអាកាសធាតុនៅពេលសារធាតុទាំងនោះកកកុញនៅក្នុងបរិយាកាស ដែលបង្កឱ្យភពផែនដីមានការកើនឡើងកម្តៅ ។

លោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការដុតកំទេចក្រណាត់ក្នុងកម្តៅក្រោម១០០០អង្សាសេបានបញ្ចេញសារធាតុគ្រោះថ្នាក់ដូចជា ភាគល្អិតនិចលក្នុងខ្យល់(PM10 និង PM2.5) អាសូតឌីអុកស៊ីត (NO2) កាបូនម៉ូណូអុកស៊ីត (CO) ស្ពាន់ធ័រឌីអុកស៊ីត (SO2) ដែលនាំឱ្យរលាកភ្នែក ច្រមុះ និងបំពង់ក ជំងឺហឺត ជំងឺសួត ប្រព័ន្ធដង្ហើម ជំងឺសរសៃឈាមបេះដូង និងអាចបង្កជាជំងឺមហារីកសួត។

លោកបណ្ឌិត ឈន វឿន នាយកសាលាជាតិគយបានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអង្គភាពឈានមុខនៅតាមមាត់ច្រកព្រំដែនអន្តរជាតិក្នុងការចូលរួមចំណែកអនុវត្តផែនការប្រចាំឆ្នាំរបស់ក្រសួងបរិស្ថានពាក់ព័ន្ធទៅនឹងអាជ្ញាបណ្ណដល់ក្រុមហ៊ុនដែលធ្វើការនាំចូលស្របតាផែនការកាត់បន្ថយរបស់វិធីសាស្រ្តម៉ុងរ៉េអាល់។ គួរបញ្ជាក់ថា​ វិធីសាស្រ្តម៉ុងរ៉េអាល់គឺជាកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិជាមួយនឹងការផ្តល់សច្ចាប័នជាសកល ដើម្បីការពារស្រទាប់អូហ្សូនរបស់ផែនដីដោយការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញអូហ្សូន(ODS)។ វិធីសាស្រ្តម៉ុងរ៉េអាល់ គឺជាកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិជាមួយនឹងការផ្តល់សច្ចាប័នជាសកលដើម្បីការពារស្រទាប់អូហ្សូនរបស់ផែនដីដោយការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញអូហ្សូន (ODS)។

លោកបណ្ឌិតក៏បានឆ្លុះបញ្ចាំងបន្ថែមអំពីទង់ក្រហមរបស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ដែលសំដៅទៅលើការប្រកាសទាក់ទងនឹងទំនិញដែលជាសារធាតុបំផ្លាញស្រទាប់អូហ្សូនដល់មន្រ្តីគយនៅតាមច្រកព្រំដែនអន្តរជាតិ មានដូចជា ភាពមិនស្របគ្នានៃឯកសារ ភាពខុសប្រភពដើមកំណើតទំនិញ ការប្រកាសខុសនៃមុខទំនិញ ការវេចខ្ចប់ខុសឬដាក់ស្លាកសញ្ញាមិនត្រឹមត្រូវ ការនាំចូលដោយមិនមានអាជ្ញាបណ្ណ ការកំណត់នៃបរិមាណនាំចូល និងការបដិសេដឬការពន្យារក្នុងការផ្តល់ឯកសារដល់មន្រ្តីគយ។

គម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ បានរួមចំណែកភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកអំពីសុខភាពមនុស្ស សត្វ និងបរិស្ថាន ដោយផ្តោតលើរបៀបដែលបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុដូចជាការថយចុះស្រទាប់អូហ្សូនដែលមានឥទ្ធិពលទៅភាវ​រស់នៅលើភពផែនដី និងបញ្ជ្រៀបពីវិធីបង្ការទៅដល់ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់៕

 

ដោយ៖ យ៉ាន ធឿងរតន