«ការពង្រឹងសេវាមន្ទីរពិសោធន៍តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេស គឺជាយុទ្ធសាស្រ្តស្នូលមួយ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបការផ្ទុះរាលដាលនៃជំងឺឆ្លង» ប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាពិធីប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus ដល់មន្ទីរពិសោធន៍ចំនួន ៣ រួមមាន វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានសុពលភាពចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យ មន្រ្តីមន្ទីរពិសោធន៍ទូទាំងប្រទេសហ៊ានដាក់គោលដៅខ្ពស់ សម្រាប់គុណភាពមន្ទីរពិសោធន៍ ហើយត្រូវខិតខំប្រឹងប្រែងរក្សានិរន្តរភាពនៃគុណភាព មុននឹងឈានទៅពង្រីក និងពង្រឹងសេវាថ្មីបន្ថែមទៀត ដែល លទ្ធផលចុងក្រោយប្រទេសកម្ពុជានឹងមានមន្ទីរពិសោធន៍វេជ្ជសាស្រ្តដែលមានគុណភាពនៅទូទាំងប្រទេស។ បន្ថែមពីលើនេះ មន្ទីរពិសោធន៍វេជ្ជសាស្រ្តទាំងអស់ត្រូវចូលរួមបង្កើតជាប្រពន្ធ័ប្រទាក់ក្រឡាគ្នាមួយសម្រាប់តាមដាន និង គ្រប់គ្រងមេរោគដែលអាចបង្ករជាជំងឺរាតត្បាតនៅក្នុងប្រទេស ឬក្នុងតំបន់ ឬនៅលើសកលលោក។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងដល់ការងារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដូចខាងក្រោម៖

– អ្នកបច្ចេកទេសមន្ទីរពិសោធន៍ត្រូវខិតខំសិក្សាបន្ថែម ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស ឈានឡើងមួយកម្រិតទៀត

– វិទ្យាស្ថានត្រូវចូលរួមគិតគូរ និងរៀបចំគោលនយោបាយ គ្រប់គ្រងគុណភាពសេវាមន្ទីរពិសោធន៍នៅកម្ពុជា ឱ្យស្របទៅនឹងបរិបទរបស់ប្រទេស និងមានលក្ខណៈកាន់តែប្រសើរ ដើម្បីធានាបាននូវនិរន្តរភាព នៃគុណភាពមន្ទីរពិសោធន៍

– មន្ទីរពិសោធន៍ទាំងសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តកម្មវិធីកែលំអគុណភាពជាប្រចាំ ដើម្បីធានាបានសេវាធ្វើតេស្តដែលមានគុណភាពជូនដល់ប្រជាជន និងទទួលស្គាល់គុណភាពថ្នាក់ជាតិ និងអន្តរជាតិ

– រៀបចំប្រព័ន្ធមន្ទីរពិសោធន៍សាធារណៈមួយ ដែលមានគុណភាព ប្រទាក់ក្រទ្បាគ្នា និងឆ្លើយឆ្លងបានទាន់ពេលវេលា ក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្ទុះជំងឺ និងបម្រើសេវាសុខាភិបាលកាន់តែទូលំទូលាយ

– វិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវចូលរួមក្នុងការពង្រឹងគុណភាពមន្ទីរពិសោធន៍សាធារណៈ និង ឯកជន

– អ្នកមន្ទីរពិសោធន៍ និងមន្រ្តីរាជការទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង ដើម្បីក្លាយជាធនធានរបស់ប្រទេសជាតិ

មុននឹងបញ្ជប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណ ដល់អង្គការដៃគូទាំងអស់ ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង របស់សហរដ្ឋអាមេរិក (US-CDC) ប្រចាំនៅកម្ពុជា ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងការអនុវត្តផែនការកន្លងមក ដែលនាំឱ្យសម្រេចបានសមិទ្ធផលជាវិជ្ចមានដូចថ្ងៃនេះ។ ឯកឧត្តមសាស្រ្តចារ្យ ក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ ជួយផ្តល់ឱកាសអាហារូបករណ៍ជូនមន្រ្តីជំនាញវេជ្ជសាស្រ្ត ដើម្បីពង្រឹងនូវគុណភាព និងសមត្ថភាព ឱ្យកាន់តែល្អ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា មន្ទីរសុខាភិបាលខេតសៀមរាប តាកែវ បាត់ដំបង មន្ទីរពិសោធន៍នៃមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ និងមន្រ្តីបច្ចេកទេសមន្ទីរពិសោធន៍។

វិទ្យាស្ថានជាតិសុខភាពសាធារណៈ៖ នារសៀលថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥