ការពង្រីកស្ពាន និងផ្លូវកែងទួលខ្សាច់គឺជាដំណោះស្រាយថ្មីដើម្បីកាត់បន្ថយការកកស្ទះក្នុងក្រុងព្រះសីហនុ !
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានពង្រីកស្ពាន បេតុងទួលខ្សាច់ និងផ្លូវកែងច្រមុះជ្រូក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គម្រោងនេះទទួលបានការឧបត្ថម្ភសាងសង់ដោយ លោកឧកញ៉ា គុយ ណាត ដែលធ្វើឡើងតាមមានលក្ខណៈបច្ចេកទេសដូចជា៖
• ការពង្រីកស្ពាន៖ បន្ថែមទទឹងសងខាង (ម្ខាង ២ម៉ែត្រ និងម្ខាង ៧ម៉ែត្រ) លើប្រវែងបណ្តោយ ១០ម៉ែត្រ។
• ការពង្រីកផ្លូវ៖ ពង្រីកផ្លូវកែងច្រមុះជ្រូកបន្ថែម ៧ម៉ែត្រសងខាង ដើម្បីសម្រួលលំហូរចរាចរណ៍ដែលកន្លងមកធ្លាប់តែមានភាពចង្អៀត និងកកស្ទះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ការពង្រីកស្ពាន និងផ្លូវនេះ មិនត្រឹមតែជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើក កម្ពស់សោភ័ណភាពក្រុងព្រះសីហនុ ឱ្យក្លាយ ជាប៉ូលទេសចរណ៍ វិនិយោគ និងហិរញ្ញវត្ថុដ៏សំខាន់នៅទិសនីរតីនៃកម្ពុជា។
សម្រួលអត្ថបទ៖ម៉ារ៉ាឌី



