ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើបជួយពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននិងកំពុងប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប (Satellite Image) និងឧបករណ៍ទំនើប(Drone) ដើម្បីអនុវត្ដការងារល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានជួយដល់មន្រ្តីឧទ្យាននុរក្ស បានចុះពិនិត្យទីតាំងជាក់ស្ដែង បានចំនួន៧៧ចំណុចរួមមាន៖ តាំងរងការកាប់ទន្ទ្រានមានចំនួន៣២ចំណុច ស្មើនឹងទំហំផ្ទៃដី៤៥៩,៦៤ហិកតា ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន២៨ចំណុច ស្មើនឹងទំហំផ្ទៃដី៣៣១,៦៥ហិកតានិងទីតាំងដីពុំមានបទល្មើសអ្វី (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន១៧ចំណុច។
ជាក់ស្តែង នៅក្នុង ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្ដីឧទ្យានុរក្ស បានសហការជាមួយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹងរង ខេត្តសៀមរាប និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងជាក់ស្ដែងទាំង៦៧ចំណុចរួមមាន ទីតាំងរងការកាប់ទន្រ្ទាន មានចំនួន៤០ចំណុច ស្មើនឹងទំហំផ្ទៃដី៤២៨,១៩ហិកតា ទីតាំងដី មានការដាំដំណាំផ្សេងៗ មានចំនួន២៥ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៧៦,២៥ហិកតា និងទីតាំងដីពុំមានបទល្មើស (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន០២ចំណុច។ មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿង បទល្មើសធនធានធម្មជាតិ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចំនួន១៥ករណី ក្នុងនោះ ករណីបទល្មើស ជាក់ស្ដែងចំនួន០២ករណី (បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការចំនួន០៦នាក់) និងករណីបទល្មើស មិនជាក់ស្ដែង ចំនួន១៣ករណី (បញ្ជូនឈ្មោះជនសង្ស័យ ទៅតុលាការចំនួន០៧នាក់)។
សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តសៀមរាប គ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន០៨កន្លែង មានទំហំផ្ទៃដី សរុបជា២៨៣.៩៩៩,២៧ហិកតា។ ការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រនិងសហការ ជាមួយកងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប កម្លាំងគណៈបញ្ជាការ ឯកភាពស្រុក និងគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ មន្ត្រីជំនាញរបស់ក្រសួង និងដៃសហការ រួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការបង្កើនប្រសិទ្ធភាព នៃការការពារនិងអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ធានាឲ្យបាននូវផលប្រយោជន៍ជូន ប្រជាជននិងប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូនចំនួន៤៧ គ្រឿងដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀត នូវសម្ភារៈប្រើប្រាស់និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត៕