ការប្រកួតពានរង្វាន់ MPL Cambodia រដូវកាលទី១០ កាន់តែចាប់អារម្មណ៍ ដល់អ្នកគាំទ្រវិស័យកីឡា E-Sports នៅប្រទេសកម្ពុជា

លោក អគ្គលេខាធិការ សហព័ន្ធកីឡា E-Sports កម្ពុជា បានឲ្យដឹងថា សំរាប់ការប្រកួតពានរង្វាន់ MPL Cambodia រដូវកាលទី១០ នឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះទៅហើយ ខណៈការរៀបចំឆ្នាំនេះ កាន់តែចាប់អារម្មណ៍ របស់អ្នកគាំទ្រវិស័យកីឡា E-Sports នៅប្រទេសកម្ពុជា។

លោក លន់ សាមឌី បានបន្តទៀតថា ការប្រកួត MPL នៅរដូវកាលនេះរៀបចំ ធំជាងឆ្នាំមុនៗ និងមានក្រុមចូលរួមច្រើន។ ការអនុញ្ញាតឲ្យ ក្រុមចូលរួមបានច្រើន នៅពេលនេះ ដូចអ្វីដែលសហព័ន្ធ បានស្នើសុំទៅខាងអ្នករៀបចំ ជាយូរមកហើយ។ កាលណាមានក្រុមច្រើនបានមកចូលរួមប្រកួតនោះការបណ្ដុះធនធានក៏មានច្រើនដូចគ្នាដែរពិសេសការប្រកួតកម្រិតអាជីពបែបនេះ។

ជាមួយគ្នានេះដែរ ៣ចំណុចធំៗ ដែលគណៈកម្មការរៀបចំ ការប្រកួតរដូវកាលនេះ ធ្វើឲ្យកាន់តែទាក់ទាញ និងចាប់អារម្មណ៍នោះគឺ៖ទី១ អនុញ្ញាតឲ្យមានក្រុមចូលរួមដល់ទៅ ១០ក្រុម ៖ រដូវកាលមុនៗគឺមានត្រឹម ៨ប៉ុណ្ណោះ ដូច្នេះការប្រកួតប្រជែង និងចំនួនកីឡាករជើងខ្លាំងនៅមានចំនួនតិច។ ប៉ុន្តែនៅរដូវកាលនេះបានអនុញ្ញាតឲ្យក្រុមចូលរួមបានច្រើនជាងមុន ដែលចំណុចនេះនឹងធ្វើឲ្យការប្រកួតសំបូរទៅដោយក្រុមខ្លាំងៗបន្ថែមទៀត និងមានចំនួនកីឡាករច្រើន។

ទី២ ប្រាក់រង្វាន់សរុបឡើងដល់ ៥ម៉ឺនដុល្លារ ៖ នៅរដូវកាលមុនប្រាក់រង្វាន់សរុបពីលេខ១ ដល់ ៨ គឺមានត្រឹមតែ ៤ម៉ឺនដុល្លារនោះទេ។ យ៉ាងណារដូវកាលថ្មីទី១០ នេះប្រាក់រង្វាន់សរុបមានការកើនឡើងរហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិកដែលនេះក៏ជាភាពទាក់ទាញដល់កីឡាករ កីឡាការិនី រួមទាំងអ្នកតាមដាន MPL ដូចគ្នា។

ទី៣ អនុញ្ញាតឲ្យមានក្រុមនារីចូលរួម MPL ៖ ការបើកផ្លូវឲ្យក្រុមជើងឯក Queen Legends គឺ Queen Phoenix ចូលរួមនេះជាការជំរុញលើកទឹកចិត្តកីឡាការិនីឲ្យអភិវឌ្ឍន៍សមត្ថភាពបានកាត់តែល្អថែមទៀតតាមរយៈការប្រកួតប្រជែងជាមួយក្រុមបុរស។ នេះជាឱកាសក្នុងការផ្ដល់បទពិសោធថ្មី ការត្រៀមខ្លួន ការតាំងចិត្ត និងការប្រកួតកាន់តែខ្ពស់ដែលនឹងជួយដល់ពួកគេពង្រឹងសមត្ថភាពលេងកាន់តែខ្លាំងជាងមុនៗ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ MPL Cambodia រដូវកាលទី ១០ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្រ ពីសំណាក់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមជាមួយនឹងម្ចាស់ឧបត្ថម្ភ ដែលមានដូចជា Infinix, Cellcard ហើយក៏មានការសហការចូលរួមពីសំណាក់ក្លឹបអាជីព និងដៃគូ Media ផ្សេងៗ។ ហើយសំរាប់ការប្រកួតតឆ្នាំនេះ គឺជាចំណុចសំខាន់មួយក្នុងវិស័យកីឡាអេឡិចត្រូនិចសម្រាប់វិញ្ញាសារ Mobile Legends: Bang Bang នៅកម្ពុជា។ រដូវកាលទី ១០ នេះមិនត្រឹមតែជាការចាប់ផ្តើមរដូវកាលថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទរដល់ដំណើរនៃការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងទៅលើគុណភាពនៃការប្រកួតប្រជែង និងសហគមន៍អ្នកលេង MLBB ទាំងអស់ ៕