ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាមិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ ជាមួយ ក្រុមបាល់ទាត់ រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖«បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ថ្នាក់ដឹកនាំខេត្ត សិស្សនុសិស្ស ប្រជាពលរដ្ឋខេត្តកណ្ដាល យ៉ាងច្រើនកុះករ នៅឯកីឡាដ្ឋានខេត្តកណ្ដាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាមិត្តភាពសប្បុរសធម៌នាពេលនេះគឺចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។

កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្រ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង។ ឯកឧត្តម បានគូសរំលេចថា ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។

សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមបរិច្ចាគថវិកា សម្ភារៈប្រើប្រាស់ សម្ភារៈកីឡា និងអាហារដែលអាចរក្សាទុកយូរ គឺអាចទាក់ទងមកកាន់ក្រុមការងារ ដូចមានជូនព័ត៌មាននៅផ្នែកខាងក្រោម។

☎️ លេខទូរស័ព្ទទំនាក់ទំនង៖ 012 877 757 / 069 69 64 67 / Telegram : 092 899 844

⏰ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥:៣០ល្ងាច

📍 ទីតាំង៖ អគារ The Kampus

– Google Map: https://maps.app.goo.gl/YZJzpykBnjHdTDQm6?g_st=ic

Telegram Channel ៖ https://t.me/uyfc_allstarFT