ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដើម្បីជាឱកាសសម្រាប់ សម្លឹងមើលធនធាន មានសមត្ថភាពថ្មីៗ
ការប្រកួតកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ លើកទី២ សហព័ន្ធបានរៀបចំ វិញ្ញាសាប្រកួត ជ្រើសរើស បំពេញបន្ថែម ជម្រើសជាតិ ដើម្បីធ្វើការប្រមូលផ្តុំ សម្រាប់ឆ្នាំ២០២៦ និងត្រៀមលក្ខណៈ ចូលរួមការប្រកួត កម្រិតអន្តរជាតិ នានារួមមមាន៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ជើងឯកពិភពលោក ជើងឯកអាស៊ី នឹងធ្វើការ ជ្រើសរើសបាន កីឡាករ កីឡាការិនី ដែលមាន សក្តានុពល ឆន្ទៈមោះមុត វិន័យល្អ និងមានពេលវេលាហ្វឹកហាត់ គ្រប់គ្រាន់ ក្នុងការរួមដំណើរ ទៅមុខជាមួយគ្នា។
នេះជាការថ្លែងរបស់ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅទីលានកីឡាប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។
ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធប៊ូល បានលើកឡើងថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង លើកស្ទួយវិស័យកីឡាមួយនេះ ឲ្យរឹតតែមានការគាំទ្រ ពីមហាជន និងជាការបង្កើនទំនាក់ទំនង រវាងសម្ព័ន្ធ ក្លឹប។ លើសពីនេះក៏ជាការផ្ដល់ឱកាស ដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសបានប្រកួត ដុសខាតសមត្ថភាពផងដែរ។
ឯកឧត្តម សុខ សូកាន បានបង្ហាញពី សក្តានុពលរបស់កម្ពុជា លើវិស័យកីឡា ប៊ូល និងប៉េតង់ ត្រូវបានការទទួលស្គាល់ ទាំងកម្រិត តំបន់ និងពិភពលោក ព្រមទាំងត្រូវបាន សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ(FIPJP) ប្រសិទ្ធនាមកម្ពុជាថា ជា “ប្រទេស មហាអំណាច លើវិស័យកីឡាប៉េតង់” ដែលនេះគឺជា មោទកភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ មេដាយសរុប ដែលកម្ពុជា ទទួលបាន គឺមានចំនួន ៤២៧ គ្រឿង ក្នុងនោះ មេដាយមាសចំនួន ១២២គ្រឿង, មេដាយប្រាក់ចំនួន ១៤៨គ្រឿង, និងមេដាយសំរឹទ្ធិចំនួន ១៥៧គ្រឿង។
ក្នុងនាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ប្រធានសហព័ន្ធ ថ្លែងអំណរគុណ ដល់វីរកីឡាការិនី និងកីឡាករ កីឡាការិនី ប៊ូល និងប៉េតង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងដើម្បីដណ្តើមជ័យជម្នះជូនជាតិមាតុភូមិ និងប្រជា ជនកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏បានបំបែកកំណត់ ត្រាជាប្រវត្តិសាស្ត្រ ក្នុងវិស័យកីឡាប៊ូល និងប៉េតង់ ដោយបានឈ្នះមេដាយ មាសពិភពលោក ៥ជំនាន់ជាប់ៗគ្នា គឺ៖ វីរកីឡាការិនី កែ ឡេង និងបន្តមក កីឡាការិនី អ៊ុក ស្រីមុំ (២០២១)។ ទាំងនេះជាសក្ខីកម្មនៃសមិទ្ធផលលើវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាដែលកើតចេញពីកិច្ច ខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សហព័ន្ធ និងប្រមុខរាជរដ្ឋាភិបាលនៃយើង។
សូមបញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីលាន របស់សហព័ន្ធ ក្នុងពហុកីឡាដ្ឋានជាតិ ដោយមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន ៤១៦នាក់ មកពី ១១រាជធានីខេត្ត និង៣ស្ថាប័ន ស្មើនឹង ៦០សម្ព័ន្ធ-ក្លិប ដោយប្រកួតលើ ៨វិញ្ញា ៕



