ការប្រកួតគ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន ជាការចាប់ផ្តើម ក្រោយ MOU របស់សហព័ន្ធ និង Emei Legend

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា ការប្រកួតកីឡាប្រដាល់គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន នៅសង្វៀនស្តាតចាស់ គឺជា ការចាប់ផ្តើមដំណើរ ការប្រកួត ក្រោយពីសហព័ន្ធ និងស្ថាប័ន Emei Legend របស់ចិន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា កាលពី ខែមេសា កន្លងទៅ។

ឯកឧត្តម ខូវ ឆាយ បានបញ្ចាក់ នៅក្នុងសន្និសីទសារព័ត៌មាន នៅស្តាតចាស់ កាលពីពេលថ្មីៗនេះស្តីពី ការប្រកួតកីឡាប្រដាល់ គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន ដោយទទួលបាន កិត្តិយសអញ្ជើញ ចូលរួមពីលោក MEI JIAXIANG ស្ថាបនិក ស្ថាប័ន EMEI Legend និងតំណាងក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី។

ឯកឧត្តម ប្រធានសហព័ន្ធ បន្ថែមថា ការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន EMEI Legend របស់ប្រទេសចិន បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នា កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ នៅប្រទេសចិន។ នេះជាការចាប់ផ្តើមការប្រកួត ស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា ដែលសហការរៀបចំការប្រកួតរួមគ្នាទាំងនៅទឹកដីកម្ពុជា និងការរៀបចំ ការប្រកួតនៅទឹកដីចិន ហើយនៅពេលខាងមុខ យើងនឹងបន្តរៀបចំការប្រកួតជាច្រើនបន្តបន្ទាប់ នៅឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់។

សម្រាប់ការរៀបចំ ការប្រកួតបន្ត គឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ យើងនឹងរៀបចំការប្រកួតនៅប្រទេសចិនវិញម្តង នៅទីក្រុងឆឹងទូ ខេត្តស៊ីឈាន់។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែឧបត្ថម្ភគាំទ្រដល់ការប្រកួតទាំងការប្រកួតក្នុងប្រទេស និងការប្រកួតនៅក្រៅប្រទេស។ 

ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា ប្រដាល់គុនខ្មែរ មិនត្រឹមតែជាប្រភេទកីឡាប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រភេទកីឡាព្រលឹងមរតកវប្បធម៌អត្តសញ្ញាណជាតិខ្មែរ ដែលបានបន្សល់ទុករាប់ពាន់ឆ្នាំពីដូនតាខ្មែរ ដោយបណ្តាប្រទេសនានាចង់ចូលរួមផ្សាព្វផ្សាយកីឡាប្រដាល់គុនខ្មែរយើង។ ក្រៅពីស្ថាប័ន EMEI Legend របស់ប្រទេសចិន ក៏សហព័ន្ធទទួលបានកិច្ចសហការជាមួយដៃគូជាច្រើនទៀត ក្នុងការរៀបចំការប្រកួតគុនខ្មែរ រួមទាំងការផ្សព្វផ្សាយលើឆាកអន្តរជាតិ៕