ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍ កីឡាករ កីឡាការិនី វ័យក្មេង សម្រាប់បន្តវេន និងត្រៀម ចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ ជំរុញការអភិវឌ្ឍកីឡាករ កីឡាការិនីវ័យក្មេង សម្រាប់បន្តវេន និងត្រៀមចូលរួមការ ប្រកួតជាលក្ខណៈអន្តរជាតិ នានានៅថ្ងៃអនាគត ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសត្រៀមខ្លួន ក្នុងការចូលរួមប្រកួតកីឡា យុវជនអាស៊ី លើកទី៥ ឆ្នាំ៣០៣១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ការថ្លែងរបស់ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ នៅក្នុងពិធីបើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនាមប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងផ្តល់នូវការណែនាំ ចង្អុលបង្ហាញនូវចក្ខុវិស័យដ៏ឧត្តុង្គឧត្តម និងជួយឧបត្ថម្ភគាំទ្រនូវថវិកាជាច្រើនដល់កីឡាករ កីឡាការិនី ក្លិប មន្ត្រីបច្ចេកទេសសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ រហូតរៀងមក ធ្វើឱ្យវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងមូលមានការរីចម្រើន ជាបន្តបន្ទាប់ទាំង នៅក្នុងប្រទេស និងក្រៅប្រទេស។
ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ សមាគមចំនួន១៨ ប្រតិភូ គ្រូបង្វឹក ៥៥នាក់, កីឡាករ ១១៩នាក់, កីឡាការិនី ៤៥នាក់ សរុប ២១៩នាក់។ មានការកើនឡើងពីឆ្នាំ២០២៤ ចំនួន៣សមាគមគឺ សមាគមខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តក្រចេះ។ ប្រភេទទម្ងន់ដែលត្រូវរៀបចំការប្រកួតរួមមាន យុវជនអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៦ឆ្នាំ ៥ ប្រភេទម្ងន់ យុវជនអាយុ១៦ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ៤ ប្រភេទម្ងន់ យុវនារីអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៦ឆ្នាំ ៤ ប្រភេទម្ងន់ យុវនារីអាយុ១៦ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ៤ ប្រភេទម្ងន់ និងសរុបចំនួន ១៧ ប្រភេទទម្ងន់។
សូមបញ្ជាក់ថា ពិធីបើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាលផងដែរ ៕





