ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀម ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ

ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ឯកឧត្តម សុខ ពុទ្ធិវុធ បានចាត់ទុកថា ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីត្រៀមលក្ខណៈ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ ឯកឧត្តមសុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ។ ទោះបីការប្រកួតមានឈ្នះ-ចាញ់ ក៏ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឲ្យពួកគេបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសសម្រាប់អ្នកជាប់ជយលាភី ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ។
ឯកឧត្តម ប្រធានសហព័ន្ធ មានប្រសាសន៍បន្តថា ការរៀបចំ ឲ្យមានការប្រកួតលើកនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ-កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណាខិតខំតស៊ូហ្វឹកហាត់ឲ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា» ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែឧសភា ដែលមានកីឡាករ កីឡាការិនីចូលរួមសរុប ៤៤នាក់ ប្រកួតលើ ៤ រួមមាន៖ វិញ្ញាសា កាំភ្លើងវែងខ្យល់ 10 ម៉ែត្រ, វិញ្ញាសា កាំភ្លើងវែងជំហរ បី ប្រវែង 10 ម៉ែត្រ , វិញ្ញាសា បាញ់ប្រតិកម្ម Standard (4 Stages) និង វិញ្ញាសា បាញ់ប្រតិកម្ម Production Optic (4 Stages) ៕